ភ្នំពេញ៖ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ នៅលើកំណាត់ផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំងនគរបាលក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព ក្រោយការដាក់ចេញការអនុវត្តការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលទាំងស្រុងនោះ។
ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល គឺដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ នៅគ្រាដែលរាជធានីភ្នំពេញអត្រាអ្នកឆ្លង ជំងឺកូវីដ១៩ នៅតែមានកំណើនខ្ពស់ កាន់តែធ្វើឱ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភ ហើយការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញនេះ គឺយោងតាមសម្រេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយចាប់ផ្ដើមអនុវត្តតាំងពីយប់អធ្រាត្រថ្ងៃទី១៥ ខែមេសារហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែលមានរយៈពេល ១៤ថ្ងៃ។ វិធានការបិទខ្ទប់ដោយកម្លាំងសមត្ថកិច្ចចម្រុះ បានដាក់ពង្រាយបិទខ្ទប់ច្រកចេញ-ចូលនានារវាងព្រំប្រទល់រាជធានីភ្នំ និងតាមបណ្តាខេត្ត បិទខ្ទប់ព្រំប្រទល់រវាងព្រំប្រទល់ តាមបណ្ដាខណ្ឌនីមួយៗទាំង១៤ បិទខ្ទប់នៅតាមគោលដៅសំខាន់ជាច្រើនទៀតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយសមត្ថកិច្ចប្រើប្រាសរនាំងដែក និងខ្សែធ្វើការរាំងខ្ទប់រឹតត្បិតចំពោះអ្នកធ្វើដំណើរ។
ជាមួយនឹងការចុះត្រួតពិនិត្យនៃគោលដៅនានានោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កម្លាំងនគរបាលដែលកំពុងអនុវត្តវិធានការបិទខ្ទប់ ត្រូវបំពេញភារកិច្ចតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឲ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់បំផុត ដោយការអនុវត្តត្រូវធ្វើដោយមិនយោគយល់នោះឡើយ ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវ កុំអនុវត្តលើសពីសេចក្តីសម្រេចស្តីពីវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនោះ។ សូមបញ្ជាក់ថា យោងតាមសេចក្ដីសម្រេចនៃការអនុវត្ត វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល គឺបានអនុញ្ញាតការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារមុខរបរ ឬអាជីវកម្មដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដី, ការអនុញ្ញាតធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជាដើម៕ អត្ថបទ៖ បាន ចក់

