ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរម្នាក់អាយុ ៨២ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានស្លាប់បាត់បង់ជីវិតកាលពីម៉ោងជិត ៥ល្ងាចថ្ងៃទី១៧ ខែមេសា។
ក្រសួងសុខាភិបាលបញ្ជាក់ផងដែរថា បុរសរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែកាលពីថ្ងៃទី១៥ ខែមេសា បន្ទាប់ពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
ចំណែកឯស្ត្រីជនជាតិខ្មែរម្នាក់វ័យ ៤១ឆ្នាំ ដែលរស់នៅក្នុងសង្កាត់គោកឃ្លាង ក្នុងខណ្ឌសែនសុខ ក្រសួងសុខាភិបាលបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតនៅជាង ១០កន្លះយប់ថ្ងៃម្សិលមិញនេះ។
បើតាមក្រសួងសុខាភិបាល ស្ត្រីខ្មែររូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន កាលពីថ្ងៃទី១៥ ខែមេសា បន្ទាប់ពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ មួយថ្ងៃបន្ទាប់មកទៀត ស្ត្រីរូបនេះក៏ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យហ្លួងម៉ែ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងពីររូបនេះ បានស្លាប់បាត់បង់ជីវិត ក្រោយពីសួតទាំងសងខាងរបស់ពួកគាត់រលាកធ្ងន់ធ្ងរដែលបង្កឡើងដោយសារមេរោគកូវីដ១៩។
មកដល់ថ្ងៃនេះ តួលេខផ្លូវការរបស់ក្រសួងសុខាភិបាលបង្ហាញថា មនុស្ស ៤៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ចាប់តាំងពីពេលដែលកម្ពុជាបានប្រកាសករណីស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕អត្ថបទ ៖ សុធី