អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងលើទីតាំងលំនៅឋានចំនួន ៣០កន្លែងនៅទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែនចំនួន ២៥៨លើកកាលពីសប្តាហ៍មុននេះ។

កងកម្លាំងរុស្ស៊ីបានដកថយពីច្រាំងខាងលិចនៃទន្លេ Dnipro កាលពីដើមខែនេះ ប៉ុន្តែបានបាញ់ផ្លោងលើទីក្រុង និងភូមិនានារួមទាំងទីក្រុង Kherson ពីចំណុចថ្មីនៅច្រាំងទន្លេទល់មុខ។ នៅក្នុងសុន្ទរកថាលោក Zelenskiy និយាយថា កងកម្លាំងរុស្ស៊ីបានបំផ្លាញស្ថានីយបូមទឹកដែលផ្គត់ផ្គង់ទឹកដល់ទីក្រុង Mykolaiv ភាគពាយព្យទីក្រុង Kherson។ កាលពីថ្ងៃចន្ទម្សិលមិញនេះដែរលោក Zelenskiy បានជួបជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអេស្តូនី ឡាតវី លីទុយអានី អ៊ីស្លង់ ហ្វាំងឡង់ ន័រវេស និងស៊ុយអែតនៅក្នុងទីក្រុងគីវ ដើម្បីពិភាក្សាអំពីការវាយលុករបស់រុស្ស៊ីមកលើប្រទេសលោក។
នៅខាងក្រៅព្រិលបានធ្លាក់ខ្លាំង ហើយសីតុណ្ហភាពបានធ្លាក់ចុះត្រជាក់ដល់កក ខណៈមនុស្សរាប់លាននាក់នៅក្នុង និងជុំវិញរដ្ឋធានីអ៊ុយក្រែនជួបបញ្ហាដោយការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី និងកម្តៅបណ្តាលមកពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីជាបន្តបន្ទាប់។ លោក Zelenskiy បានព្រមានប្រជាជនអ៊ុយក្រែនថានឹងជួបភាពត្រជាក់ខ្លាំង និងភាពងងឹត ខណៈការវាយប្រហាររបស់រុស្ស៊ីបន្តបន្ថែមទៀតមកលើហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងមិនបញ្ឈប់រហូតដល់ទីក្រុងមូស្គូអស់មីស៊ីល៕
អត្ថបទ៖ ប៊ុនថន