បាល់ទាត់៖ ការប្រកួតពានរង្វាន់ FA Cup អង់គ្លេសរកឃើញ ២ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយគឺ Leicester City នឹងជួបជាមួយតោខៀវ Chelsea។ ក្រុមរបស់លោក Brendan Rodgers បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងតាំងពីឆ្នាំ១៩៦៩ ក្រោយជ័យជំនះ ១-០ លើ Southampton នៅកីឡដ្ឋាន Wembley ដែលបើកឲ្យអ្នកគាំទ្រចូលទស្សនាលើកដំបូងក្នុងឆ្នាំ២០២១ នេះ។
ខ្សែប្រយុទ្ធ Kelechi Iheanacho ជាអ្នកស៊ុតសំរេចគ្រាប់បាល់ជ័យជំនះឲ្យ Leicester City ១០នាទីបន្ទាប់ពីចាប់ផ្តើមវគ្គទី២។ Leicester City មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក៏ជាលើកដំបូងដែររាប់ពីឆ្នាំ១៩៨២។ ក្រុមរបស់លោក Brendan Rodgers នៅពេលនេះនឹងត្រូវជួបជាមួយតោខៀវ Chelsea វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៥ ខែឧសភា។ កាលពីថ្ងៃសៅរ៍ Chelsea បានបញ្ចប់ការប៉ុនប៉ងចង់ឈ្នះពាន ៤ក្នុង ១រដូវកាលរបស់ Manchester City ដោយ ១គ្រាប់ជ័យជំនះរបស់ Hakim Ziyech នៅនាទីទី៥៥ ដូចគ្រាប់បាល់របស់ Iheanacho របស់ Leicester City ដែរ។
តាំងពីការតែងតាំងលោក Thomas Tuchel ជំនួស Frank Lampard ដែលត្រូវបានបណ្តេញចេញ Chelsea ដំបូងឈរលេខ៩ នៅ Premier League មកដល់ពេលនេះកំពុងឈរលេខ៥ ប្រជែងតំណែង Top 4 ឡើងវគ្គផ្ដាច់ព្រ័ត្រ FA Cup និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League៕
អត្ថបទ៖នាង សុភាវុធ