បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះកីឡាករ ២៤នាក់។ ការហ្វឹកហាត់ថ្ងៃដំបូងនេះបានធ្វើឡើងនៅទីលានហ្វឹកហាត់ក្លិបព្រះខ័នរាជស្វាយរៀង ជិតពហុកីឡដ្ឋានជាតិមរតកតេជោ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺពុំមានវត្តមានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិលោក Keisuke Honda នោះទេ។
ការប្រមូលផ្ដុំហ្វឹកហាត់នេះធ្វើឡើង ១ថ្ងៃមុនក្រុមគោព្រៃកម្ពុជាត្រូវធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដែលគ្រោងចាកចេញពីមាតុភូមិនារាត្រីថ្ងៃទី០៧ ខែធ្នូនេះ ដើម្បីធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី០៩ ខែធ្នូខាងមុខ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសត្រៀមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022។ សូមបញ្ជាក់ថា កីឡាករ ២៤រូបដែលត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព និងពានរង្វាន់ជើងឯកអាស៊ានឆ្នាំនេះ រួមមានសមាជិកក្លិបភ្នំពេញក្រោន ៥រូប, ព្រះខ័នរាជស្វាយរៀង ២រូប, បឹងកេត ៤រូប, វិសាខា ១០រូប, ក្លិបណាហ្គាវើលដ៏ម្នាក់ រួមជាមួយកីឡាករប្រកបអាជីពក្រៅស្រុក ២រូបគឺកីឡាករខ្មែរ-បារាំង កុក បូរីស លេងនៅក្លិបម៉ាឡេស៊ី Sarawak United និងកីឡាករខ្មែរ-អាមេរិក ថេឡរ នីកូឡា ឌឿង លេងនៅក្លិបអាមេរិក Orlando City។
សម្រាប់បេសកកម្មប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 កម្ពុជាគឺស្ថិតក្នុងពូល A ខណៈកម្មវិធីប្រកួត រួមមានថ្ងៃទី២០ ខែធ្នូ កម្ពុជាត្រូវបើកទ្វារផ្ទះទទួលហ្វីលីពីនមុនគេ មុនជួបឥណ្ឌូនេស៊ីក្រៅដីនាថ្ងៃទី២៣ ខែធ្នូខាងមុខ ។ បន្ទាប់មកនៅថ្ងៃទី២៩ ខែធ្នូ កម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោជាថ្មី ទទួលក្រុមប្រ៊ុយណេវិញម្ដង មុនការប្រកួតបញ្ចប់ជាមួយក្រុមម្ចាស់ផ្ទះថៃនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ។ ចំពោះការប្រកួតក្នុងដីរបស់ក្រុមគោព្រៃកម្ពុជា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងទូរទស្សន៍ BTV-News បានទទួលសិទ្ធធ្វើការផ្សាយផ្ទាល់ ពីវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា។ កុំភ្លេចចូលរួមទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករ៕
អត្ថបទ៖ លី ឈុនឡា