ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា មនុស្សដល់ទៅ ៦២៤នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងលើស ៧ពាន់នាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មីទាំង ៦២៤នាក់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញច្រើនជាងគេនៅរាជធានីភ្នំពេញរហូតដល់ ៤៦៥នាក់ បន្ទាប់មកខេត្តព្រះសីហនុរកឃើញ ១៤៤នាក់ ខេត្តតាកែវ ១០នាក់ ខេត្តស្វាយរៀង ៣នាក់ ខេត្តកំពង់ចាម ១នាក់ និងខេត្តពោធិ៍សាត់ ១នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៧ ០១៣នាក់បានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសគិតចាប់តាំងពីចុងខែមករាឆ្នាំមុនមក ក្នុងករណីឆ្លងដល់ទៅ ៦ ៤៧០នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាលក៏ប្រកាសផងដែរថា អ្នកជំងឺកូវីដ១៩សរុប ២ ៥២៤នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៤៨នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺដល់ទៅ ៤ ៤៣៩នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕អត្ថបទ ៖ សុធី




