ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមភ្ជាប់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត ខណៈមន្រ្តីជំនាញបន្តចល័តចុះធ្វើអត្តសញ្ញាណប័ណ្ណតាមភូមិ។
ក្រោយពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសបានបិទបញ្ចប់ ដែលមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត ៦០ម៉ឺននាក់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីដំណើរចុះឈ្មោះបោះឆ្នោតបានបិទបញ្ចប់ទៅដោយរលូន មានសណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កលក្ខណៈយ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋរួចរាល់ គ.ជ.ប ចាប់ផ្តើមបន្តកិច្ចការលើការពិនិត្យ និងផ្ទៀងផ្ទាត់ រៀបចំជាបញ្ជីបោះឆ្នោតមានសុពលភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងនាមប្រជាពលរដ្ឋល្អដែលនឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនចូលរួមការបោះឆ្នោត ២០២៣ខាងមុខ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីអាចចូលរួមបោះឆ្នោត។
ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា ក្នុងករណីប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់ ឬខូច សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬប៉ុស្តិ៍នគរបាល ដើម្បីស្នើសុំអត្តសញ្ញាណប័ណ្ណថ្មី ឬមានសុពលភាពត្រឹមត្រូវ។
ជាក់ស្តែង រយៈពេលប៉ុន្មានចុងក្រោយនេះ មន្រ្តីជំនាញនៃនគរបាលប៉ុស្ត៍ក្នុងឃុំ-សង្កាត់ កំពុងមានសកម្មភាពយ៉ាងសកម្ម ដោយចល័តទៅតាមភូមិ និងខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណថ្មី និងផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណរបស់ខ្លួនដែលហួសសុពលភាព៕ អត្ថបទ៖ សេក ឧត្តម