នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោក្នុងជំនួបសំណេះសំណាល៖
-សម្ដេចតេជោថ្លែងអំណរគុណចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលឆ្លៀតពេលដ៏មមាញឹក មកទទួលស្វាគមន៍សម្ដេច ទោះមានធាតុអាកាសត្រជាក់ខ្លាំងក្ដី។
-សម្ដេចតេជោអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយពលរដ្ឋខ្មែរនៅអឺរ៉ុប ជាងពីរពាន់នាក់។
-សម្ដេចតេជោ អ្នកចង់មកជួបសម្ដេច ក៏មក មិនមកក៏បាន គឺមិនមានការគាបសង្កត់នោះទេ។ វាជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ។
-សម្ដេចតេជោ មានចម្ងល់ចំពោះការលើកឡើងរបស់បុគ្គលមួយចំនួនដែលថា អ្នកមកជួបសម្ដេចសុទ្ធតែជាអាយ៉ង។
-សម្ដេចតេជោចាប់អារម្មណ៍ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅស្វីស និងហុងគ្រី ដែលលើកឡើងថា ពួកគេមកជួបសម្ដេច គឺមិនមានការគាបសង្កត់នោះទេ។
-សម្ដេចតេជោថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលប្រកាសគាំទ្រ និងស្វាគមន៍បេសកកម្មសម្ដេចអញ្ជើញទៅបំពេញបេសកកម្មនៅអឺរ៉ុប។
- សម្ដេចតេជោថ្លែងអំណរគុណជាថ្មីចំពោះពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរមកពីចម្ងាយ ដែលស្ថិតនៅក្រោមធាតុអាកាសដ៏ត្រជាក់ ដែលមានតាំងពីពលរដ្ឋវ័យចាស់ ជនពិការ រួមទាំងកុមារផង មកជួបសម្ដេច។
- សម្ដេចតេជោ៖ ទោះបីពលរដ្ឋខ្មែរទៅដល់ប្រទេសណាក៏ដោយ ទីណាក៏ដោយ វិញ្ញាណជាខ្មែរនៅតែជាខ្មែរ។
-សម្ដេចតេជោសោកស្ដាយចំពោះពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេស ហើយបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩។
-សម្ដេចតេជោ៖ ទោះកម្ពុជាក្រ តែរដ្ឋាភិបាលនៅតែចំណាយទុន ដើម្បីទិញវ៉ាក់សាំងយកមកចាក់ ដើម្បីការពារអាយុជីវិតពលរដ្ឋ។
-សម្ដេចតេជោ៖ បើពឹងលើជំនួយ គឺមិនអាចចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតពលរដ្ឋ ឱ្យបានទាន់ពេលនោះទេ គឺមានតែទិញដោយថវិកាផ្ទាល់ប៉ុណ្ណោះទើបបានលឿន។
-សម្ដេចតេជោ៖ អំឡុងកូវីដ មានសិស្ស និស្សិតនៅកម្ពុជាជិតបួនលាននាក់ ត្រូវសិក្សាតាមអនឡាញ។
-សម្ដេចតេជោ៖ ការសិក្សាតាមអនឡាញ ជាការវិវឌ្ឍថ្មីមួយ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
-សម្ដេចតេជោ៖ អំឡុងរងវិបត្តិកូវីដធ្ងន់ធ្ងរ រដ្ឋាភិបាលចំណាយថវិកាប្រមាណ ជាងពីរពាន់លាន ដុល្លារ ដើម្បីទប់ស្កាត់កូវីដ និងជួយដល់ពលរដ្ឋ។
- សម្ដេចតេជោ៖ ខ្ញុំនៅសល់សិទ្ធិជាប្រធានអាស៊ាន ១៨ ថ្ងៃទៀត។
-សម្ដេចតេជោ នឹងជួបជាមួយប្រធានាធិបតីបារាំង ឯកឧត្ដម អេម៉ាណូអែល ម៉ាក្រុង នៅថ្ងៃស្អែក។
-សម្ដេចតេជោ៖ ប្រការដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនានាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាបាន គឺអាស្រ័យលើកត្តា ២៖ ទី១. គឺការគ្រប់គ្រងជំងឺកូវីដបានល្អ និងទី២.កម្ពុជាជាប្រទេសមានសុខសន្តិភាព និងមិនមានការគំរាមកំហែងពីអំពើភេរវកម្ម។
-សម្ដេចតេជោ៖ កម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ ដែលអាចដាក់បានប្រមាណមួយម៉ឺនគ្រែ។
-សម្ដេចតេជោ៖ វិបត្តិកូវីដ បានធ្វើឱ្យសមត្ថភាពគ្រូពេទ្យកម្ពុជា កាន់តែរីកចម្រើន។
-សម្ដេចតេជោ៖ រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី ប្រកាសរំលាយសភាបោះឆ្នោត មុនអាណត្តិបាននោះទេ។
-សម្ដេចតេជោបានរំលេចនូវបញ្ហា ៣ សំខាន់ជូនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានជ្រាបនោះគឺ ទី១.ការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទី២.ការចាត់តាំងការបោះឆ្នោតឃុំ/សង្កាត់បានល្អ។ ទី៣.គឺការប្រ ជុំអាស៊ានដែលពោរពេញទៅដោយភាពស្មុគស្មាញ តែកម្ពុជាបានបំពេញតួនាទីបានល្អជាទីបំផុត។
-សម្ដេចតេជោ៖ ខ្ញុំសូមនិយាយដោយមោទកភាពថា មន្ត្រីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នៅក្នុង ការបំពេញការងារជាលក្ខណៈអន្តរជាតិ ដូចករណីប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាដើម។
-សម្ដេចតេជោ៖ វិបត្តិនៅមីយ៉ាន់ម៉ា ចំណាយពេលតិចបំផុត ៥ ឆ្នាំទៀត ទើបអាចដោះស្រាយបាន។
-សម្ដេចតេជោ៖ បញ្ហាកូវីដមិនទាន់ចប់នៅឡើយទេ យើងត្រូវត្រៀមសម្រាប់ដោះស្រាយ ទាំងបញ្ហាសុខាភិបាល និងសេដ្ឋកិច្ច។
-សម្ដេចតេជោ៖ សង្គ្រាមនៅអ៊ុយក្រែន ឥឡូវនេះមិនមែនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតនោះឡើយ បច្ចុប្បន្នវាគឺជាសង្គ្រាមរវាង រុស្ស៊ី និងអឺរ៉ុប(ណាតូ) តែម្ដង។
-សម្ដេចតេជោ៖ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យដំឡើងថ្លៃអគ្គិសនីជាដាច់ខាត ទោះបីតម្លៃប្រេងឡើងថ្លៃយ៉ាងណាក៏ដោយ។
-សម្ដេចតេជោ៖ រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ព្រមទាំងមន្ត្រីចូលនិវត្តន៍ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ។
-សម្ដេចតេជោ៖ អ្នកយកត្រកូល ហ៊ុន ជាសត្រូវ ជាការគិតខុស។ ត្រកូល ហ៊ុន សម្លាប់មិនអស់ទេ។ ត្រកូល ហ៊ុន ពោរពេញដោយបញ្ញវន្ត។ ត្រកូល ហ៊ុន ពលរដ្ឋស្រលាញ់រាប់អានខ្លាំងណាស់។
-សម្ដេចតេជោ៖ ខ្ញុំស្ដាយបំផុត ដែលគណបក្សប្រឆាំងនៅស្រុកខ្មែរល្ងង់ពេក។ ប៉ុន្តែទុកឱ្យល្ងង់ចុះ ដើម្បីឱ្យចាញ់រហូត។
-សម្ដេចតេជោ៖ យើងនឹងត្រូវកសាងស្ពានចំនួន ៣ ទៀតនៅពេលខាងមុខនេះ។ ស្ពានទី១ ឆ្លងកាត់ទន្លេមេគង្គទៅក្រចេះ ឬ ឆ្លងពីក្រចេះ មកកំពង់ធំ។ ស្ពានទី២ ឆ្លងពីផ្សារចាស់កាត់ទន្លេសាប ចុះនៅជ្រោយ ចង្វា ចេញពីជ្រោយចង្វា ទៅអរិយក្សត្រ។ ស្ពានទី៣ តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីតភ្ជាប់ផ្លូវ ល្បឿនលឿន ទៅព្រំដែនវៀតណាម។
-សម្ដេចតេជោ៖ កាលពីឆ្នាំ២០០៨ ខ្ញុំបានជួយជាថវិកា ដើម្បីឱ្យគណបក្សរបស់សម្ដេចក្រុមព្រះ បានចូលរួមបោះឆ្នោត។
-សម្ដេចតេជោ៖ ហេតុអ្វីបានជាអាល្លឺម៉ង់ ដែលចាក់ឫសដោយប្រព័ន្ធប្រជាធិបតេយ្យ តាំងពីក្រោយ សង្គ្រាមលោកលើកទី២ បែរជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយមានការចាប់ខ្លួនក្រុមប៉ុនប៉ងធ្វើ រដ្ឋប្រហារនោះទៅវិញ?
-សម្ដេចតេជោ៖ ការនាំចេញរបស់កម្ពុជាមកអឺរ៉ុប កើនប្រមាណ ១៨ ភាគរយ គិតជាទឹកប្រាក់មាន ទំហំជាងបួនពាន់លានដុល្លារ។
-សម្ដេចតេជោ៖ សូមកុំមើលកម្ពុជា ត្រឹមជាកម្ពុជា សូមមើលកម្ពុជាឱ្យឆ្ងាយជាងហ្នឹង សូមមើលកម្ពុជាក្នុងនាមអាស៊ាន។
-សម្ដេចតេជោ៖ ក្នុងចំណោមអាស៊ាន ១០ ប្រទេស មានតែស៊ុលតង់ព្រុយណេ និងសម្ដេចតេជោ ប៉ុណ្ណោះដែលកាន់ញញួរប្រធានអាស៊ាន ៣ ដង។
-សម្ដេចតេជោ៖ កម្ពុជា ត្រូវខិតខំទប់ស្កាត់ឱ្យខាងតែបាននូវចលនាជ្រុលនិយម ទាំងជ្រុលនិយម ឆ្វេង និងជ្រុលនិយមស្ដាំ។
-សម្ដេចតេជោនាំយកក្រមា និងប្រក្រតិទិនខ្មែរ ជាវត្ថុអនុស្សាវរីយ៍ជូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងរៀនសូត្រនៅអឺរ៉ុប។