
បាត់ដំបង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានបន្តប្រគល់សញ្ញាបត្រជូនដល់ និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ចំនួនជិតបួនរយនាក់ បន្ទាប់ពីប្រគល់ជូនដល់និស្សិត ជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបងនោះ។
ថ្លែងនៅក្នុងពិធីប្រគល់ជូននោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនាថ្ងៃនេះ ដែលជាសមិទ្ធផលកើតចេញពីកិច្ចសហការជាកម្លាំងសរុប រវាងនិស្សិតគ្រប់រូបដែលជាតួអង្គចម្បង រួមជាមួយនឹងតួអង្គគាំទ្រជាច្រើនទៀត ជាអាទិ៍ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងក្រុមគ្រួសារ ដើម្បីធានាបាននូវការផលិតធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិ ជូនសង្គមជាតិ និងសង្គមគ្រួសារនីមួយៗ។
ជាមួយនឹងធនធានមនុស្សដ៏សម្បូរបែប និងប្រកបដោយសមត្ថភាព ដែលផលជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលចាប់តាំងពីក្រោយរបប ប៉ុល ពត។
សព្វថ្ងៃ កម្ពុជាមានភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងមានកិត្យានុភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ហើយក៏អាចចូលរួមប្រកួតប្រជែងប្រកបដោយថាមភាពក្នុងចរន្តសាកលភាវូបនីយកម្មផងដែរ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ កាលណាប្រទេសជាតិសម្បូរទៅដោយប្រជាជនដែលមានទាំងធនធានចំណេះដឹង និងសុខភាពល្អមាំមួននោះប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញក្នុងដំណើរការកសាងជាតិ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ។
លោកបន្តថា ភាពជោគជ័យនៅក្នុងការសិក្សា និងនៅក្នុងជីវិតការងារ ក៏ដូចជាជីវភាពប្រចាំថ្ងៃ គឺមានភាពស្រដៀងគ្នាជាខ្លាំង ដោយក្នុងនេះ គឺទាមទារនូវភាពអំណត់តស៊ូព្យាយាម, ការហាត់ពត់លត់ដំ និងចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ព្រមជាមួយការបោះជំហានដោយនិរន្តរភាព។ ក្នុងន័យនេះ បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់ខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា និងពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការបេ្តជ្ញាចិត្តខ្ពស់ក្នុងការសំលឹង និងព្យាយាមចាប់យកឱ្យបាននូវលទ្ធផលវិជ្ជមានជាប់ជានិច្ច៕ អត្ថបទ៖ បាន ចក់








