ភ្នំពេញ៖ កម្ពុជា បាននាំចូលប្រេងឥន្ទនៈ និងឧស្ម័ន ក្នុងទំហំទឹកប្រាក់ ប្រមាណជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ ខណៈរាជរដ្ឋាភិបាល កំពុងជំរុញ និងទាក់ទាញវិនិយោគលើធនធានប្រេងកាត ដែលមានក្នុងប្រទេស។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃចន្ទ បង្ហាញថា ប្រទេសកម្ពុជាបាននាំចូលផលិតផលប្រេង និងឧស្ម័នមានតម្លៃ ៣,៣៨ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ កើនឡើងជិត ៥៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍នេះ មិនបាននិយាយលម្អិត អំពីបរិមាណប្រេង និងឧស្ម័នដែលកម្ពុជា បាននាំចូលក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាឆ្នាំនេះទេ។
បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន ដោយសារធនធានប្រេង និងឧស្ម័ននៅបាតសមុទ្ររបស់ខ្លួនមិនទាន់ត្រូវបានទាញយកបាននៅឡើយ។ កន្លងមក មានការទាញយកប្រេងពីបាទសមុទ្ររបស់កម្ពុជា ដោយក្រុមហ៊ុនវិនិយោគ KrisEnergy មកពីប្រទេសសឹង្ហបុរី ប៉ុន្តែខ្សែច្រវ៉ាក់នៃផលិតកម្មបូមប្រេងកាតនេះ ត្រូវបានផ្អាកដំណើរការទៅវិញ ក្រោមហេតុផលក្រុមហ៊ុនក្ស័យធុន។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម កាលពីពេលថ្មីៗនេះ បាននិយាយថា តម្រូវការផលិតផលប្រេងនៅកម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៤,៨លានតោននៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី ២,៨លានតោនក្នុងឆ្នាំ២០២០។
រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ គឺចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនេះ ៕ អត្ថបទ៖ វណ្ណៈ
