បាល់ទាត់៖ អ្នកចាត់ការអង់គ្លេសលោក Gareth Southgate នឹងបន្តដឹកនាំក្រុមជម្រើសជាតិអង់គ្លេសរហូតដល់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ នេះបើតាមសេចក្តីប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស FA។
លោក Gareth Southgate កិច្ចសន្យារបស់លោកនឹងអស់សុពលភាពនៅឆ្នាំ២០២៤ ដោយធ្លាប់បាននិយាយថា លោកមិនទាន់ច្បាស់ពីអនាគតរបស់ខ្លួន បន្ទាប់ពីធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ World Cup ដោយសារបារាំង។ បុរសវ័យ ៥២ឆ្នាំរូបនេះត្រូវបានតែងតាំងឱ្យដឹកនាំអង់គ្លេសនៅឆ្នាំ២០១៦ ដោយបាននាំក្រុមតោបីអង់គ្លេសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨ នៅរុស្ស៊ី និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០២១។
រំលឹកថា លោក Gareth Southgate ដំបូងឡើងត្រូវបានតែងតាំងឱ្យដឹកនាំអង់គ្លេសបណ្តោះអាសន្នប៉ុណ្ណោះ ក្រោយការចាកចេញរបស់លោក Sam Allardyce មុនពេលដែលទទួលបានកិច្ចសន្យាដឹកនាំផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រោមការដឹកនាំរបស់លោក Gareth Southgate ៨១ប្រកួតអង់គ្លេសឈ្នះ ៦១ប្រកួត ចាញ់១៤ ស្មើ៦។ អង់គ្លេសរយៈពេល ៤៨ឆ្នាំកន្លងមកមានតែលោក Gareth Southgate ដែលបានដឹកនាំក្រុមឈ្នះនៅវគ្គចាញ់ធ្លាក់ពានរង្វាន់ធំៗសរុប ៦លើក ច្រើនជាងអ្នកចាត់ការមុនៗទាំងអស់៕
អត្ថបទ៖នាង សុភាវុធ