ស៊ីហ្គេម៖៖ ដើម្បីបម្រើឱ្យការប្រកួតកីឡាស៊ីហ្គេម ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ផ្លូវពីរខ្សែនឹងត្រូវស្ថាបនាឡើងក្នុងន័យសម្រួលចរាចរណ៍ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ កំឡុងព្រឹត្តិការណ៍ពីរឆ្នាំម្តងប្រចាំតំបន់អាស៊ីអាគ្នេយ៍។

យោងតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅ២០២១ របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និង CAMSOC បង្ហាញថា តាមការបញ្ជាក់របស់សាលារាជធានីភ្នំពេញក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍ សាលារាជធានីភ្នំពេញបានសម្រេចគម្រោងត្រៀមសាងសង់ផ្លូវពីរខ្សែ គឺភ្ជាប់ពីគល់ស្ពានតាមបណ្ដោយមាត់ទន្លេសាបត្រើយខាងកើត ឆ្ពោះទៅជាប់មហាវិថីឈ្នះឈ្នះត្រង់ស្ពានលីយ៉ុងផាត់ និងខ្សែទី២ ពីគល់ស្ពានជ្រោយចង្វាពុះពាក់កណ្ដាលនៃតំបន់អភិវឌ្ឍក្រុងរណបជ្រោយចង្វា ទៅដល់វិថីឈ្នះឈ្នះតែម្តង។
ឯកឧត្ដម វ៉ាត់ ចំរើន ធ្លាប់បានបញ្ជាក់ថា ការធ្វើនេះដើម្បីសម្រួលការកកស្ទះចរាចរណ៍ កំឡុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នៅកម្ពុជា។ តាមការគ្រោងទុកស៊ីហ្គេម ២០២៣ នឹងដំណើរការប្រកួតពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលមកដល់ពេលនេះហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការប្រកួតសម្រេចបានភាគច្រើនហើយ ចំពោះមុខកីឡដ្ឋានធំនឹងបញ្ចប់នៅកំឡុងខែឧសភាខាងមុខនេះ៕
អត្ថបទ៖ គង់ ហួន