បាល់ទាត់៖ នាយកប្រតិបត្តិ និងជាអនុប្រធានក្លិបបិសាចក្រហម Manchester United លោក Ed Woodward បានប្រកាសពីការលាលែងពីតំណែងរបស់ខ្លួននៅដំណាច់ឆ្នាំ២០២១ នេះ។ សេចក្តីប្រកាសនេះធ្វើឡើងមុនពេលដែល Manchester United និងក្លិបអង់គ្លេស ៥ ផ្សេងទៀតបានដកខ្លួនចេញពីការប្រកួត European Super League។
លីគបាល់ទាត់ដែលបង្កើតឡើងដោយក្លិបយក្សទាំង ១២ នៅអឺរ៉ុបមួយនេះទទួលការរិះគន់យ៉ាងចាស់ដៃតាំង ពីប្រកាសផ្លូវការកាលពីថ្ងៃអាទិត្យ។ បុរសវ័យ ៤៩ឆ្នាំ Ed Woodward ដែលចូលរួមជាមួយ Manchester United តាំងពីឆ្នាំ២០០៥ បានស្ថិតក្នុងតំណែងបច្ចុប្បន្នតាំងពីឆ្នាំ ២០១២។ Ed Woodward ជាមនុស្សដែលពាក់ព័ន្ធនឹងការបង្កើតពាន Super League ផងដែរ ហើយបន្ទាប់ពី Super League ប្រកាសកាលពីថ្ងៃអាទិត្យនោះ លោក Woodward ក៏បានលាលែងពីតំណែងក្រុមប្រឹក្សាយុទ្ធសាស្ត្ររបស់ UEFA ផងដែរ។
Ed Woodward ជាមនុស្សដែលទទួលរងការរិះគន់ខ្លាំងពីប្រធាន UEFA លោក Aelxander Ceferin ថា ជាមនុស្សក្រឡេចក្រឡុច ជាមនុស្សមិនច្បាស់លាស់។ ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិរូបនេះតាំងពីឆ្នាំ២០១២ Manchester United គ្មានជោគជ័យអ្វីជាដុំកំភួនឡើយ ដោយមានតែការបណ្ដេញអ្នកចាត់ការចោលជាបន្តបន្ទាប់ ដូចជាលោក David Moyes, Louis van Gaal និង Jose Mourinho ជាដើម។ លោក Ed Woodward ក៏ជាមនុស្សដែលអ្នកគាំទ្រ Manchester United មិនចូលចិត្តដែរ បូករួមទាំងម្ចាស់ក្លិបគ្រួសារសេដ្ឋីអាមេរិកត្រកូល Glazer ផងដែរ៕
អត្ថបទ៖នាង សុភាវុធ