បាល់ទាត់៖ លោក Hajime Moriyasu នឹងបន្តជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនរហូតដល់ World Cup 2026 នេះបើតាមការសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់ជប៉ុននៅថ្ងៃពុធម្សិលមិញ។
បុរសវ័យ ៥៤ឆ្នាំរូបនេះបាននាំក្រុមជម្រើសជាតិជប៉ុនឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ World Cup នៅកាតានាពេលកន្លងទៅ តែអ្វីដែលគួរកត់សំគាល់នោះគឺជប៉ុនបានយកឈ្នះក្រុមយក្សរបស់អឺរ៉ុបទាំង២ នៅក្នុងពូលរួមមានអាល្លឺម៉ង់ និងអេស្ប៉ាញ។ យ៉ាងណាក្តីក្រុមសាមូរ៉ៃពណ៌ខៀវមួយនេះក៏បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមក្រោមស្នាដៃក្រុមជើងឯករង ២០១៨ ក្រូអាស៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។
លោក Hajime Moriyasu នឹងក្លាយជាគ្រូបង្វឹកជប៉ុនទី១ ដែលនៅតែកាន់តំណែងក្រោយចប់ World Cup។ រំលឹកថាលោក Moriyasu គឺជាអតីតកីឡាករខ្សែបម្រើជម្រើសជាតិជប៉ុន និងធ្លាប់ដឹកនាំក្លិប Sanfrecce Hiroshima ឈ្នះជើងឯក J-League ៣លើកមុនពេលចូលដឹកនាំក្រុម U23 ជប៉ុន និងឈានឡើងមកដឹកនាំក្រុមធំនៅឆ្នាំ២០១៨៕
អត្ថបទ៖នាង សុភាវុធ