ក្រចេះ៖ រដ្ឋមន្រ្ដីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេមេគង្គ និងផ្លូវក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយស្នើដល់ក្រុមហ៊ុនទទួលគម្រោងសាងសង់ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព និងស្នើសុំប្រជាពលរដ្ឋមានផ្ទះជិតគម្រោងមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ដើម្បីជំរុញការសាងសង់ដំណើការដោយរលូន អាចបញ្ចប់តាមការគ្រោងទុក។
ឯកឧត្ដមបានថ្លែងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះមានប្រវែង ១៧៦១ ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ។
គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ដោយប្រើរយៈពេលសាងសង់ចំនួន ៤២ ខែ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១១៤ លានដុល្លារអាមេរិក ដែលជាឥណទានពីរដ្ឋាភិបាលចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ឯកឧត្ដមបញ្ជាក់ថា៖«ខ្ញុំបាទក៏សូមផ្ដាំផ្ញើដល់ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសូមអនុវត្តការងារឱ្យបានត្រឹមត្រូវ និងសម្រេចជោគជ័យប្រកបសោយគុណភាព និងប្រសិទ្ធភាព និងស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងនៅជិតការដ្ឋានសាងសង់ ឬទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍនេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ដើម្បីជំរុញការសាង់សង់ឱ្យដំណើការបានរលូន និងបញ្ចប់តាមផែនការគ្រោងទុក»។
បើតាមឯកឧត្ដមរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល គម្រោងសាងសង់ស្ពាន និងផ្លូវនាឱកាសនេះ គឺជាគម្រោងយុទ្ធសាស្រ្ដមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្ដីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរដ្ឋនៅត្រយខាងកើត និងពលរដ្ឋរស់នៅត្រយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយ៉ាល់នៅភាគឦសានមកកាន់ទីប្រជុំជន។
គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០ តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំបង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗផងដែរ។
ឯកឧត្ដមបានថ្លែងថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ អនុតំបន់មេគង្គឡានឆាង ពិសេសចូលរួមលើកកម្ពស់ការអភិវឌ្ឍផែនការមេតំបន់ត្រីកោណផងដែរ CLV។
ឯកឧត្ដមបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ស្ពាន និងផ្លូវតភ្ជាប់នេះ និងជំរុញឱ្យមានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧហ្សាហកម្ម និងទេសចរណ៍នៅតាមបណ្ដាខេត្ត ដែលស្ថិតនៅភូមិភាគឦសាន រួមទាំងតំបន់ត្រីកោណអភិវឌ្ឍផងដែរស្របតាមគោលនយោបាយ និងផែនការមេរបស់រាជរដ្ឋាភិបាល៕




