ភ្នំពេញ៖ ស្ទើជាទម្លាប់រៀងរាល់ឆ្នាំទៅហើយ ដែលបេក្ខជនប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តែងតែបង្ហាញអារម្មណ៍មិនអស់ចិត្ត និងអស់សង្ឃឹម។ ប៉ុន្ដែកត្តានេះត្រូវបានមន្រ្ដីជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា បានណែនាំបេក្ខជនទាំងនោះ មិនត្រូវអស់សង្ឃឹមឡើយហើយត្រូវបែរមកចាប់យកឱកាសរៀនជំនាញវិជ្ជាជីវៈ ឬរៀនបរិញ្ញាបត្ររងដោយប្រើរយៈពេលខ្លីឆាប់ទទួលបានការងារធ្វើ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV លោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិធីសម្រាប់ឱ្យយុវជនដែលប្រឡងធ្លាក់អាចបន្តដំណើររបស់ខ្លួនទៅមុខទៀតបានមាន ៣ ចំណុចសំខាន់ៗ គឺ ទី១ បន្តការសិក្សាម្ដងទៀត ទី២ បន្តរៀនបរិញ្ញាបត្ររង និងទី៣ បន្ដរៀនជំនាញវិជ្ជាជីវៈ។ ប៉ុន្ដែក្នុងចំណោមចំណុចសំខាន់ទាំងនេះ មន្រ្ដីជំនាញលើកទឹកចិត្តដល់សិស្សឱ្យបន្តរៀនបរិញ្ញាបត្ររង ឬជំនាញវិជ្ជាជីវៈ ដើម្បីកុំឱ្យខាតពេលវេលារៀនសារឡើងវិញ។
លោក គង់ ភូមីកា បានថ្លែងថា «អ៊ីចឹង នៅចំណុចសិស្សប្រឡងធ្លាក់នេះ លោកគ្រូចង់លើកទឹកចិត្តប្អូន ដើម្បីធ្វើការសម្រេចចិត្តឱ្យត្រូវ។ ប្អូននៅវ័យក្មេងប្អូនអត់ទាន់យល់ថាពេលវេលា សម្រាប់ការរស់នៅរបស់មនុស្សយើងមានសារៈសំខាន់បែបណាទេ។ ដូច្នេះលោកគ្រូអត់ចង់ឱ្យប្អូនខាតពេលទេ គឺគ្រូលើកទឹកចិត្តឱ្យបែរមករៀនជំនាញវិជ្ជាជីវៈ ឬរៀនបរិញ្ញាបត្ររងវិញ»។
គួរបញ្ជាក់ថា ក្រោមម្លប់សន្តិភាព នៃការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដចតុកោណ និងបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលធនធានមនុស្ស។ តាមរយៈយុទ្ធសាស្រ្ដនេះ រាជរដ្ឋាភិបាលដោយមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធជាច្រើនទៀត បានបង្កើតនូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលាវិជ្ជាជីវៈ ជាដើម ដើម្បីបណ្ដុះបណ្ដាលជំនាញដល់យុវជនដែលមិនបានរៀនរហូតបញ្ចប់កម្រិតសិក្សា។ ការសិក្សាជំនាញនេះយុវជនគ្រាន់តែប្រើរយៈពេលខ្លីអាចទទួលបានជំនាញច្បាស់លាស់ និងការងារធ្វើតែម្ដង៕ អត្ថបទ៖ វ៉ន ដារ៉ា
