ពោធិ៍សាត់៖ ឯកឧត្តមកត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងច្រាំងស្ទឹងពោធិ៍សាត់ ដែលបាក់ស្រុតនារដូវវស្សាកន្លងមក ដើម្បីធ្វើការស្ដារឡើងវិញ បន្ទាប់ពីការស្នើសុំរបស់រដ្ឋបាលខេត្ត។
បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ មានករណីបាក់ស្រុតដី និងតូបលក់ចាប់ហួយ របស់អាជីវករឈ្មោះ គឹម ឈុនហ៊ួយ ដែលរស់នៅតាមច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តែពុំមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។
របាលខេត្តបានឱ្យដឹងថា តាមការប៉ាន់ប្រម៉ាន អីវ៉ាន់នៅក្នុងតូប ដែលក្រុមការងារអាចជួយសង្គ្រោះបាន មានប្រមាណ៧០% ដែលក្នុងនោះរួមមាន៖ ស្រាបៀរកំប៉ុង ដប ទឹកក្រូច ភេសជ្ជៈ នំ ចានស្នោរ…។ល។ រួមទាំងចានឆ្នាំង និងរបស់ក្លាស្សេង បាត់បង់ខ្លះ និងនៅសេសសល់មួយចំនួន។ ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា មកពីម្ចាស់តូបមិនសហការចូលរួម តាមរយៈការជូនដំណឹងរបស់អាជ្ញាធរឃុំ ទាក់ទងនឹងស្ថានភាពបាក់ច្រាំងគួរឱ្យព្រួយបារម្មណ៍ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕ អត្ថបទ៖ វ៉ន ដារ៉ា






