បាល់ទាត់៖ Manchester City បានបន្តដំណើរកាន់តែកៀកទៅនឹងការគ្រងជើងឯក English Premier League រដូវកាលនេះក្រោយជ័យជំនះនៅទឹកដី Aston Villa។ ក្រុមម្ចាស់ផ្ទះ Aston Villa ចាប់ផ្តើមមិនទាន់នឹងបែកញើសផងក៏បាននាំមុខមុននៅនាទីទី១ ដោយ John McGinn ពោលគឺត្រឹមវិនាទីទី២០ ប៉ុណ្ណោះ។

តែក្រុមរបស់លោក Pep Guardiola ក៏បានឆ្លើយតបវិញមិនផុតវគ្គទី១ ដោយ Phil Foden ស៊ុតតាមស្មើនាទីទី២២ មុនពេលដែល Rodri តែតនាំមុខអោយ Manchester City នាទីទី៤០។ តែមុនចប់វគ្គទី១ Manchester City បានបាត់បង់កីឡាករម្នាក់នៅពេល John Stones ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតតែម្តង។ គ្នាតិចជាងក៏ពិនមែន Manchester City បានរក្សាការនាំមុខនេះរហូតចប់ការប្រកួត ខណៈម្ចាស់ផ្ទះក៏បានបាត់បង់កីឡាករម្នាក់ដែរនៅនាទីទី៥៧ ដោយ Matty Cash ទទួលបានកាតលឿងពីរដង។ ជ័យជំនះនេះធ្វើអោយ Manchester City ឡើងនាំមុខដាច់ ១១ពិន្ទុពីលើក្រុមលេខ២ Manchester United តែក្រុមរបស់លោក Ole Gunnar Solskjaer លេងតិចជាងមួយប្រកួត។
ចំណែកមួយប្រកួតទៀតយប់មិញ Tottenham Hotspur ដែលទើបដេញអ្នកចាត់ការ Jose Mourinho នោះបានវាយបកយកឈ្នះ Southampton ២-១ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នវ័យ ២៩ឆ្នាំ Ryan Mason។ Danny Ings បើកការនាំមុខអោយ Southampton នៅនាទីទី៣០ មុនពេលដែល Gareth Bale តាមស្មើវិញនៅវគ្គទី២ នាទីទី៦០។ ហៀបនឹងចប់ទៅហើយ Spurs ក៏ទទួលបានបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៩០ ក្រោយកំហុសរបស់ Moussa Djenepo លើ Harry Winks។ Heung-min Son ជាអ្នកស៊ុតសំរេចគ្រាប់បាល់ជ័យជំនះពីចំនុច ១១ម៉ែត្រ។ បីពិន្ទុនេះធ្វើអោយ Spurs ឡើងមកលេខ ៦ ក្នុងតារាងមាន ៥៣ពិន្ទុក្រោយលេងបាន ៣៣ប្រកួត៕
អត្ថបទ៖នាង សុភាវុធ