ចិន៖ ក្រុមមន្ត្រីមកពីគណៈកម្មការសុខភាពជាតិចិននិយាយថា ការទាមទារសម្រាប់វិធានការបន្ទាន់ និងការហក់ឡើងខ្ពស់នៃករណីឆ្លងវីរុស COVID-19 ដ៏ធ្ងន់ធ្ងរទំនងជានឹងកើនឡើងដល់ចំណុចកំពូលនៅក្នុងទីក្រុងតូចៗ និងមធ្យម ព្រមទាំងតំបន់ជនបទនានា ដោយសារតែការធ្វើដំណើរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាងមុខ។
កាលពីថ្ងៃអាទិត្យ ទី៨ មករា ទូរទស្សន៍រដ្ឋចិន CCTV បានចេញផ្សាយបទសម្ភាសន៍មួយជាមួយលោកស្រី Jiao Yahui មន្ត្រីមួយរូបមកពីគណៈកម្មការសុខភាពជាតិដែលបាននិយាយថា តម្រូវការសម្រាប់គ្រាអាសន្ន និងការថែទាំដ៏ចាំបាច់នៅក្នុងទីក្រុងធំបំផុតរបស់ចិនទំនងបានឡើងដល់ចំណុចកំពូលហើយ ប៉ុន្តែការធ្វើដំណើរអំឡុងពិធីបុណ្យនិទាឃៈរដូវប្រចាំឆ្នាំ អាចរុញឲ្យករណីឆ្លងហក់ឡើងខ្ពស់នៅក្នុងទីក្រុងតូចៗ និងតំបន់ជនបទនានា។ លោកស្រីនិយាយថា ចំនួន ៨០% នៃគ្រែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៅក្នុងមន្ទីរពេទ្យធំលំដាប់ទី១ និងទី២ ត្រូវបានប្រើអស់ប្រមាណ ៥៤% កាលពីថ្ងៃទី២៥ ខែធ្នូ ដោយបន្ថែមថា សេវាផ្ដល់ឱសថរបស់ប្រទេសនេះក្នុងការព្យាបាលវីរុស COVID-19 កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរមិនធ្លាប់មាន។
ក្រុមមន្ត្រីសុខភាពបានថ្លែងនៅសន្និសីទសារព័ត៌មានមួយថា ពួកគេនឹងមិនច្រានចោលលទ្ធភាពនៃការចាត់វិធានការបន្ទាន់ទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 នានានោះទេ ដូចជាការផ្អាកសកម្មភាពទ្រង់ទ្រាយធំដែលមិនចាំបាច់ និងអាជីវកម្មកម្សាន្តធំៗ ដើម្បីទប់ទល់ការផ្ទុះរាលដាលវីរុសទ្រង់ទ្រាយធំ៕
អត្ថបទ៖ សុខមាន