
អន្ដរជាតិ៖ ការប៉ុនប៉ងលើកដំបូងក្នុងការបាញ់បង្ហោះផ្កាយរណបចេញពីអឺរ៉ុបខាងលិច បានខកខាននៅព្រឹកថ្ងៃអង្គារនេះ ពេលដែលក្រុមហ៊ុនបង្ហោះផ្កាយរណប Virgin Orbit រាយការណ៍ថា ភាពមិនប្រក្រតី បានការពាររ៉ុក្កែតរបស់ខ្លួនពីការហោះចូលក្នុងគន្លងតារាវិថី។
បេសកកម្មនេះ បានចាកចេញពីទីក្រុងតំបន់ឆ្នេរ Newquay ស្ថិតនៅភាគនិរតីប្រទេសអង់គ្លេស ពេលដែលរ៉ុក្កែត LauncherOne របស់ក្រុមហ៊ុន Virgin Orbit ភ្ជាប់នៅពីក្រោមស្លាបយន្តហោះ Boeing 747 រួចទម្លាក់ខ្លួនចេញនៅពីលើមហាសមុទ្រអាត្លង់ទិក។ ប្រធានគ្រប់គ្រងប្រព័ន្ធវីស្វកម្ម និងការផ្ទៀងផ្ទាត់របស់ក្រុមហ៊ុន Virgin Orbit បាននិយាយអំឡុងពេលផ្វាយផ្ទាល់បេសកកម្មនេះថា វាទំនងជាការបាញ់បង្ហោះផ្កាយរណបនេះ ទទួលរងភាពមិនប្រក្រតីដែលធ្វើឲ្យពួកយើងមិនអាចហោះចូលក្នុងគន្លងតារាវិថីបានសម្រាប់បេសកម្មមួយនេះ៕
