ភ្នំពេញ៖ «សារមន្ទីរសន្ដិភាព» ដែលមានរចនាបថរូបរាងគ្រាប់មីនធំជាងគេលើពិភពលោកនៅកម្ពុជា នឹងបង្ហាញរូបរាងនាចុងឆ្នាំ២០២៥ ដោយសាងសង់ឡើងលើផ្ទៃដី ១២ ហិកតា ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយគ្រោងចំណាយថវិកាប្រមាណ ១៨ លានដុល្លារអាមេរិក ក្រោមជំនួយថវិកាពីរដ្ឋាភិបាល និងប្រជាជនជប៉ុន។
នេះបើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានប្រសាស់ប្រាប់ទូរទស្សន៍ BTV តាមរយៈកិច្ចសម្ភាសន៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
ឯកឧត្ដម បានមានប្រសាសន៍ថា ជាគោលដៅនាថ្ងៃអនាគតសារមន្ទីរនេះ នឹងត្រូវដាក់ឈ្មោះថា «សារមន្ទីរសន្ដិភាព»។ ប៉ុន្ដែបច្ចុប្បន្នសារមន្ទីរនេះ ត្រូវបានគេហៅថា «សារមន្ទីរសន្ដិភាពសកម្មភាពមីន»។ កាលដែលទៅថ្ងៃខាងមុខជាសារមន្ទីរនេះ ត្រូវហៅថាសារមន្ទីរសន្ដិភាព ពីព្រោះមានចរិក និងរូបភាព ការអប់រំប្រហាក់ប្រហែលទៅនឹងបណ្ដាប្រទេសមួយចំនួនដែលបានចប់សង្គ្រាមរួចហើយរៀបចំឡើងនូវសារមន្ទីរនៅក្នុងប្រទេសរបស់ពួកគេ ដូចជាប្រទេសជប៉ុន កូរ៉េ ជាដើម។
ឯកឧត្តមថ្លែងថា៖«សារមន្ទីរនេះ ពិតជាមានតម្លៃណាស់សម្រាប់ពួកយើងខ្ញុំ ដែលយើងយល់ថា ចាំបាច់ត្រូវទុកនូវកេរ្តិ៍មរតក អប់រំ ដល់កូនចៅកម្ពុជាជំនាន់ក្រោយៗទៀត និងផ្ដល់ឱកាសដល់ផ្ញៀវទេសចរ និងអ្នកសិក្សាស្រាវជ្រាវអាចរៀនសូត្រពីកម្ពុជា តាមរយៈសារមន្ទីរនេះ ពីព្រោះនៅពេលដែលមនុស្សយល់ពីវិបត្តិនៃសង្គ្រាម ពួកគេនឹងយល់ពីតម្លៃនៃសន្ដិភាព»។
ឯកឧត្ដម បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គភាព ស៊ីម៉ាក់ បានគិតគូរណីការសាងសង់សារមន្ទីរសន្ដិភាពនេះឡើងអស់រយៈពេល ១៨ ឆ្នាំមកហើយ ដោយបានជ្រើរើសទីតាំងនៅក្នុងខេត្តសៀនរាប និងបានស្នើសុំប្រទេសជប៉ុនក្នុងការជួយស្ថាបនាសារមន្ទីរនេះឡើង។
ឯកឧត្ដម បានឱ្យដឹងថា ជាលទ្ធផលចុងក្រោយនូវពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការដឹកនាំជាប្រធានអាស៊ានលើកទី៤០-៤១ កន្លងទៅនេះ នាយករដ្ឋមន្រ្ដីជប៉ុនក៏បានប្រកាសគាំទ្រ គម្រោងស្នើសុំរបស់ស៊ីម៉ាក់ជាផ្លូវការ។
ឯកឧត្ដម បញ្ជាក់ថា « គម្រោងនេះយើងបានឯកភាពគ្នារចនាបថឡើងជាទម្រង់បែបសាមញ្ញទាក់ទងទៅនឹងការបោសសម្អាតមីន ដូច្នេះសារមន្ទីរនេះនឹងមានសន្សំទុកនូវរឿងរ៉ាវជាច្រើនដែលនឹងដាក់បង្ហាញជូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកសិក្សាស្រាវជ្រាវបានរៀនពីផលវិបាកនៅកម្ពុជា»។
បើតាម ឯកឧត្ដម ហេង រតនា សារមន្ទីរនេះ គឺជាសារមន្ទីរស៊ីវិល គឺសំដៅទៅលើទុក្ខសោកវិនាសកម្មរបស់ប្រជាជនដែលឆ្លងកាត់សង្គ្រាម ជាពិសេសគ្រួសារដែលទទួលរងគ្រោះដោយផ្ទាល់ តាមរយៈធ្លាក់ខ្លួនពិកា ស្លាប់ និងការបាត់បង់ឱកាសផ្នែកសេដ្ឋសកិច្ច និងរៀនសូត្រជាដើមដែលមានរឿងរ៉ាវរាប់លានរឿងនឹងត្រូវដាក់បង្ហាញនៅសារមន្ទីរនេះ។
សារមន្ទីរសន្ដិភាពនេះ នឹងសាងសង់ឡើងមានរចនាបថជាគ្រាប់មីន លើផ្ទៃដី ១២ ហិកតា ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយគ្រោងចំណាយថវិកាប្រមាណ ១៨ លានដុល្លារអាមេរិក៕



