ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងថា រហូតមកដល់ថ្ងៃនេះ ផ្សារចំនួន ១៥ហើយនៅទូទាំងរាជធានីភ្នំពេញ ត្រូវបានបិទជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ដូច្នេះនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃនេះ។
បើតាមលោក ម៉េត មាសភក្ដី ផ្សារទាំង ១៥នោះ ត្រូវបានបិទផ្អាកដំណើរការជាបណ្ដោះអាសន្នជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្ររាជធានីអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រមួយនេះ។
ការផ្អាកជាបណ្ដោះអាសន្ននូវដំណើរការផ្សារទាំងអស់នេះ បានកើតឡើងបន្ទាប់ពីការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ បានផ្ទុះឡើងខ្លាំងនៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយមកនេះ៕