សៀមរាប៖ អាជ្ញាធរមីន បានប្រាប់ដៃគូអភិវឌ្ឍន៍ អំពីផែនការបោសសម្អាតមីនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីនដែលនៅសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា និងប្រកាសកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើឡើងនៅទី ស្នាក់ការអង្គការ ហេឡូត្រាស់ប្រចាំនៅកម្ពុជា ស្ថិតនៅឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC Project Steering Committee Meeting) ដែលរៀបចំឡើងដោយអង្គការ HALO Trust ប្រចាំកម្ពុជា។
ឯកឧត្ដម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនដែលជាសេនាធិការ បានដាក់ចេញនូវផែនការបោសសម្អាតមីនយ៉ាងច្បាស់លាស់ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្ដមបានបញ្ជាក់បន្ថែមអំពីការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលអាជ្ញាធរមីន បានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលលើការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានសមាសភាពមកពី អាជ្ញាធរមីន កងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់។
ក្រុមការងារចំពោះកិច្ចនេះ នឹងចូលរួមបំពេញការងារ ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលជាអតីតសមរភូមិ ទៅជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ស្របតាមទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គប្រជុំថា កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងឈានទៅទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនោះក៏បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ផងដែរ។
ឯកឧត្ដម បន្តទៀតថា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានដើរតួនាទីមួយផ្នែកយ៉ាងសំខាន់ក្នុងការចូលរួមកសាងកម្ពុជា សម្រាប់អនាគតថ្មី និងសេចក្តីសង្ឃឹមថ្មី។
ឯកឧត្ដម បន្ដថា ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អៀរឡង់ និង HD R& D ក្នុងចំណោមប្រទេស និងដៃគូដទៃទៀត ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដោះមីនរបស់អង្គការ HALO Trust ដែលបានចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត បំពេញការងារយ៉ាងសកម្មក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងចូលរួមធានាដល់ការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព អស់រយៈពេលជាង ៣០ ឆ្នាំនៅកម្ពុជា។
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏មានការអញ្ជើញចូលរួមផងដែរពី លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកស្រី ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា៕








