ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង កាលពីរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២៣កន្លងទៅ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ជូលសមាជិកថ្មីគណបក្សចំនួនជាង ១ ៨០០នាក់ទៀត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន៥ របស់ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងពិធីនាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សមាជិកបក្សថ្មីជិត ២ពាន់នាក់ ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានគូសបញ្ជាក់ថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែមនៅក្នុងខណ្ឌចំការមន គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត បានបន្តថា សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិរបស់យើង។
បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានស្នើដល់ក្រុមការងារ បន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា៕អត្ថបទ ឈិត បូរ៉ាវី








