កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ ចុះពិនិត្យការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានរងការជន់លិចកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឃុំទាំង៧របស់ស្រុកសាមគ្គីមានជ័យ ត្រូវបានរងគ្រោះ ក្នុងនោះមានឃុំត្បែងខ្ពស់ ស្វាយជុក ពាម ឈានឡើង ក្រាំងល្វា ខ្នាឆ្មារ និងឃុំពានី ក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ មានផ្លូវជនបទចំនួន ១២ខ្សែ ក្នុងនោះផ្លូវលិចទឹកប្រវែង ៣ ១០០ម៉ែត្រ និងខូចតាមជើងទេរប្រវែង ២ ២០០ម៉ែត្រ ។ ផ្លូវក្រាលក្រួសក្រហមដែលរងការខូចខាតមានចំនួន ១០ខ្សែ ប្រវែងសរុប ៤១ ១៦០ម៉ែត្រ ក្នុងនោះលិចទឹកប្រវែង ៣៣ ១០០ម៉ែត្រ និងហូរច្រោះខូចជើងទេរមានប្រវែង ៣ ២៤០ម៉ែត្រ ។ ក្នុងនោះក៏មានស្ពានមួយកន្លែង និងលូដោះទឹកចំនួន ៣កន្លែង ក៏រងការខូចខាតផងដែរ ។ លើសពីនេះ អាជ្ញាធរឃុំស្រុកខេត្ត បានជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពចំនួន ៨៤គ្រួសារ និងរងផលប៉ះពាល់ជាង ២០០គ្រួសារ។ ដោយឡែកសត្វស្លាបបានងាប់ជាង ៥០០ក្បាល និងពលរដ្ឋអ្នកបង់សំណាញ់ម្នាក់បានលង់ទឹកស្លាប់ផងដែរ។
នាឪកាសនោះ ឯកឧត្ដម អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ចំពោះផ្លូវ ស្ពាន លូ ដែលបានខូចដោយសារជំនន់ទឹកភ្លៀងខាងលើនេះក្រុមការងារបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងលើកគម្រោងធ្វើការជួសជុលឡើងវិញ ។ ចំពោះស្ពានដែលមិនអាចធ្វើដំណើរបាន ក្រសួងនឹងធ្វើការជួសជុលបន្ទាន់ ដើម្បីភ្ជាប់ឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិន ៕ ហុង វាស្នា













