ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រ សហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ក្នុងឆ្នាំ២០២២ ធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅប្រទេសកើនដល់ ១ ៩៨២ រោងចក្រ។
រោងចក្រ សហគ្រាកំពុងបើកដំណើរការ ចំនួន ១ ៩៨២ រោងចក្រ មានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។
ចំណែករោងចក្របិទទ្វារ មានចំនួន ៨៣ រោងចក្រ ក្នុងឆ្នាំ២០២២ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។
ក្រសួង បញ្ជាក់ថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន ១៦ ៦៩០ លានដុល្លារ កើនឡើងពី ១៣ ៨១១ លានដុល្លារក្នុងឆ្នាំ២០២១។
ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លើកឡើងនៅថ្ងៃទី១៨ ខែមករា ថា ការគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់វិនិយោគ នៅកម្ពុជា។
គួររំលឹកថា នៅឆ្នាំដដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានទុនសរុប ៤ ៦៨៥លានដុល្លារអាមេរិក កើនឡើងប្រមាណជា ៧,៥ ភាគរយបើធៀបទៅនឹងឆ្នាំមុន ផ្តោតការវិនិយោគ លើសណ្ឋាគារ មន្ទីរពេទ្យ កសិកម្ម និង រោងចក្រឧស្សាហកម្មជាដើម ៕ដោយ៖ វណ្ណៈ