
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អ្នកខ្លះបានចេះដឹង នៅក្រោមសាលារៀនដែលរាជរដ្ឋាភិបាល បានខិតខំរួមគ្នាកសាង ប៉ុន្ដែផ្ទុយទៅវិញ ពួកគេបានចាត់ទុក និងបែរជាមើលស្រាលគុណភាពអប់រំរបស់កម្ពុជាទៅវិញ ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជាជិត ៧ពាន់នាក់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កាលពីជាង៤០ឆ្នាំមុន ពោលក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំប្រទេសពេលនោះ បានយកចិត្តទុកដាក់ខ្លាំងណាស់លើការងារអប់រំ ដែលជាវិស័យដ៏មានអទិភាពមួយ ហើយបានបង្កើនឲ្យមានបវេសនកាលឆ្នាំសិក្សា ១៩៧៩-១៩៨០ ។
សម្ដេចតេជោ បន្តថា មុនមានបវេសនកាលនាពេលនោះ នៅស្ទើគ្រប់ទីកន្លែងទាំងអស់ ក៏ចាប់ផ្ដើមមានការរៀនសូត្រ នៅក្រោមកុដិលោក ក្រោមផ្ទះពលរដ្ឋ ដោយប្រើធ្យូងសរសេរ ។ ការបង្រៀននេះ ពុំមានគ្រូគ្រប់គ្រាន់នោះទេ ត្រូវជ្រើសរើសអ្នកមានវប្បធម៌គួរសម ចាប់ផ្ដើមធ្វើការបង្រៀន ដែលខុសពីបច្ចុប្បន្ននេះ ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកខ្លះខ្លាចណាស់ នៅពេលយើងរំលឹកពីអតីតកាលរបស់កម្ពុជា ជូនកាលពួកគេបានចេះដឹងនៅក្រោមសាលា ដែលរាជរដ្ឋាភិបាលបានខិតខំកសាង ប៉ុន្តែពួកគេមើលស្រាលគុណភាពអប់រំនៅកម្ពុជាទៅវិញ ។
ជាមួយនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្ដែងនូវមោទនភាព ដែលសម្ដេចបានសម្រេចចិត្ដត្រូវក្នុងការអនុញ្ញាតឱ្យវិស័យឯកជន បានចូលរួមក្នុងសកម្មភាពវិនិយោគ លើវិស័យអប់រំ សិក្សាធិការគ្រប់កម្រិត ដែលជាផ្នែកមួយ នៃការអភិវឌ្ឍលឿនលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ