ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់វុធ ដែលបានអនុវត្តវិធានការបង្ការកូវីដ-១៩ ដើម្បីការពារប្រជាពលរដ្ឋពីការឆ្លងមេរោគផ្លូវដង្ហើមនេះ និងបានជួយផ្គត់ផ្គង់ស្បៀងអាហារដល់ពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវអំណរគុណបែបនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរសៀលថ្ងៃនេះ អំឡុងពេលសម្ដេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវអំណរគុណទៅដល់សប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងបានចូលរួមជួយឧបត្ថម្ភស្បៀងអាហារដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋកំពុងត្រូវការជំនួយស្បៀងអាហារ។
សម្ដេចតេជោ បានធ្វើការអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការបង្ការកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕