ភ្នំពេញ៖ នារីដែលធ្វើការនៅសេវាកម្មកម្សាន្ដនានានៅទូទាំងប្រទេសដូចជានារីបំរើនៅក្នុងខារ៉ាអូខេ នារីផ្តល់សេវាកម្មស្រាបៀរ រត់តុ និងសេវាកម្មផ្សេងៗទៀត នឹងទទួលបានមេធាវីការពារក្តី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីរកយុត្តិធម៌ដល់ពួកគេក្រោយពីមានការ រំលោភបំពានអ្វីមួយដោយខុសច្បាប់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នូវមហាសន្តិបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នៅក្នុងមហាសន្តិបាត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យមានការរៀបចំមេធាវី ដើម្បីការពារសិទ្ធនារីប្រកបរបរខាងសេវាកម្សាន្ត ក្នុងករណីពួកគាត់ទទួលរងការរំលោភបំពាន ឬអំពើហិង្សាណាមួយកើតមានឡើង។
ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់បន្ថែមថា អ្នកដែលទទួលបន្ទុកនូវកិច្ចការខាងលើនេះត្រូវបាន ប្រគល់ជូន លោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភាពព្រឹទ្ធ សភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់បន្ថែមថា ការដែល ផ្តល់មេធាវីការពារក្តីដល់នារីបំរើសេវាកម្មកំសាន្តនេះ ក៏ដើម្បីជំរុញក្នុងការពង្រឹង និងលើកកម្ពស់ការងារក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផងដែរ ខណៈកិច្ចការនេះត្រូវបានរាជរដ្ឋាភិបាលបានកំពុងធ្វើ និងជំរុញ បន្ថែមនាពេលខាងមុខនេះ៕អត្ថបទបាន ចក់
