ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់BTV News ឲ្យដឹងនៅថ្ងៃទី៣០ ខែមករានេះថា ទាក់ទិននឹងករណីការជូនដំណឹងរបស់ក្រសួងមហាផ្ទៃទៅសមាគមគ្រូបង្រៀនឯករាជ្យស្តីពី ការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២នេះ គឺជាការអនុវត្តទូទៅរបស់អង្គការមិនមែនរដ្ឋាភិបាល សមាគម ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្តថា ជាមួយករណីខាងលើក្រសួងមហាផ្ទៃ បានរកឃើញភាពមិនប្រក្រតីមួយចំនួនរបស់សមាគមគ្រូបង្រៀនឯករាជ្យដែលផ្ទុយពីច្បាប់កំណត់។
ជាមួយបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានប្តឹងទៅតុលាការក្នុងករណីសមាគមគ្រូបង្រៀនឯករាជ្យមិនបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនមុនដំណាច់ខែកុម្ភៈខាងមុខនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ក្នុងច្បាប់ស្តីពីអង្គការ សមាគម បានកំណត់ជាក់លាក់ពីតួនាទី និងកាតព្វកិច្ចរបស់អង្គការ សមាគម ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃទាំងអស់ត្រូវអនុវត្តតាមលក្ខន្តិកៈដែលចែងជាធរមាន។
លោក សាខុន ប៉ូរិន អនុប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា លើកឡើងថា ការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ គឺជាកាតព្វកិច្ចរបស់អង្គការ សមាគម ដើម្បីបង្ហាញពីថវិកាចំណាយដែលម្ចាស់ជំនួយបានផ្តល់សម្រាប់ការអភិវឌ្ឍន៍ទាំងឡាយនៅកម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ សម្តេចក្រឡាហោម ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់សមាគមគ្រូបង្រៀនឯករាជ្យ ស្តីពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ច ប្រតិបត្តិការ របស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ទៅក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់៕ អត្ថបទ សេក ឧត្តម