ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្រ្តីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ បានចំនួន២២.៥៦៥ច្បាប់ ខណៈពេលវេលាដែលផ្តល់ឱកាសឲ្យមកធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវបានបញ្ចប់ នៅថ្ងៃទី៣១ ខែមករានេះ។
ថ្លែងប្រាប់ទូរទស្សន៍BTVនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះលោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា តាមរបបពីរឆ្នាំសម្រាប់ឆ្នាំ២០២៣នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ គ្រប់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ដោយគិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន២២.៥៦៥ច្បាប់។
លោក សយ ច័ន្ទវិចិត្ត បានឲ្យដឹងទៀតថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវបានបញ្ចប់ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ដោយក្រសួង សា្ថប័នចំនួន២៥ និងរាជធានី-ខេត្តទាំង២៥ ត្រូវបានបញ្ចប់មួយរយភាគរយ។
ជាមួយគ្នានោះដែរលោក សយ ច័ន្ទវិចិត្ត ក៏បានបញ្ជាក់ផងដែរថា តាមច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុលបុគ្គលនោះ និងត្រូវមានទោស និងពិន័យជាប្រាក់ផងដែរ។
តែយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះមន្រ្តីដែលមាន តួនាទីត្រូវប្រកាសទ្រព្យសម្បត្តិនោះ នៅសល់ប៉ុន្មាននាក់ទៀតនោះឡើយ៕អត្ថបទ៖ បាន ចក់
