ភ្នំពេញ៖ បន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលបានឯកភាពឲ្យមានការផ្តល់បណ្ណបេឡាជាតិសន្តិសុខសង្គម ឬហៅ បណ្ណ ប.ស.ស ជូនអ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការផ្តល់ជូនស្ត្រីបម្រើការងារនៅតាម ក្លឹបរង្គសាល ខារ៉ាអូខេ បៀហ្គាឌិនជាដើម នៅពេលនេះមន្ត្រីជំនាញពាក់ព័ន្ធបាន និងកំពុងរួមគ្នារៀបចំគោលនយោបាយផ្តល់បណ្ណ ប.ស.ស នេះដែលអាចជួយសម្រាលបន្ទុកការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។
លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែកុម្ភៈនេះថា នៅពេលនេះ បានក្រសួងទេសចរណ៍បាន និងកំពុងធ្វើការងារជាមួយមន្ទីរទេសចរណ៍រាជធានី ដើម្បីកំណត់អត្តសញ្ណាណឱ្យបានត្រឹមត្រូវចំពោះអ្នកបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីបំរើការងារក្រៅប្រព័ន្ធនៅតាមក្លឹបរង្គសាល ខារ៉ាអូខេ បៀហ្គាឌិនជាដើម ដើម្បីឲ្យគាត់ទទួលបានការប្រើប្រាស់បណ្ណ ប.ស.ស ដើម្បីទទួលបានសេវាសុខាភិបាលដោយមិនមានការគិតថ្លៃ។ លោកជំទាវបញ្ជាក់បន្ថែមថា នៅពេលនេះបណ្តាស្ថាប័នពាក់ព័ន្ធ បាន និងកំពុងពន្លឿនរៀបចំគោលនយាបាយផ្តល់បណ្ណ ប.ស.ស នេះ ទៅតាមជំនាញរៀងៗខ្លួន។
សម្រាប់ក្រុមស្ត្រី បម្រើការងារក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តោតការយកចិត្តទុកដាក់ ពង្រីកការផ្តល់បណ្ណ.ប.ស.ស ជូនអ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនេះជាអត្តប្រយោជន៍បន្ថែមដ៏ធំមួយទៀត ក្នុងការជួយសម្រាលជីវភាពពួកគាត់។
បើតាមឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងដែរថា នៅពេលនេះក្រុមការងារ ប.ស.ស កំពុងតែសិក្សាការពង្រីកការផ្តល់បណ្ណ ប.ស.ស ជូនស្ត្រីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ទាំងអស់នោះហើយ ហើយ បណ្ណ ប.ស.ស នេះ អាចនឹងទទួលបានការដាក់ចេញឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ៕ អត្ថបទ៖ ស៊ុម សុខជា
