បាល់ទាត់៖ អតីតអ្នកចាត់ការក្លិប RB Leipzig លោក Domenico Tedesco បានទទួលតំណែងជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិប៊ែលហ្ស៊ិកជំនួសលោក Roberto Martinez ដែលបានលាលែងពីតំណែង។
សហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិកបានឱ្យដឹងថា បុរសវ័យ ៣៧ឆ្នាំ Domenico Tedesco បានចុះហត្ថលេខាដឹកនាំក្រុមបិសាចក្រហមអឺរ៉ុបដល់បាល់ទាត់ជើងឯកអឺរ៉ុបឆ្នាំ២០២៤។ Domenico Tedesco ដែលកើតនៅលើទឹកដីអ៊ីតាលី តែធំធាត់ដឹងក្តីនៅអាល្លឺម៉ង់ ក៏ធ្លាប់ដឹកនាំក្លិបមួយចំនួនផ្សេងទៀតដែរដូចជា Schalke 04 និង Spartak Moscow។ ការនាំយកលោក Tedesco មកដឹកនាំក្រុមប៊ែលហ្សិកតាមពិតត្រូវបានសម្រេចលឿនជាងនេះ តែដោយសារកិច្ចសន្យាចាស់របស់លោក Tedesco នៅជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចសន្យាចាស់ជាមួយ Leipzig ដែលត្រូវបានបញ្ចប់តំណែងកាលពីខែកញ្ញា។
កិច្ចការដំបូងរបស់លោក Tedesco គឺនឹងនាំប៊ែលហ្ស៊ិកជួបជាមួយម្ចាស់ស៊ុយអែតនៅថ្ងៃទី២៤ ខែក្រោយក្នុងការប្រកួតជំរុះ Euro 2024។ រំលឹកថា លោក Roberto Martinez បានចាកចេញពីតំណែងគ្រូបង្វឹកប៊ែលហ្ស៊ិក បន្ទាប់ពីដឹកនាំក្រុមឆ្លងមិនផុតវគ្គចែកពូលនៅ World Cup 2022 កន្លងទៅ មុនពេលលោកទៅទទួលតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្កាល់៕
អត្ថបទ៖នាង សុភាវុធ