
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលក្នុងឆ្នាំ២០២២ ដោយមិនគិតចំណូលថ្នាក់ក្រោមជាតិ សម្រេចបានក្នុងទំហំប្រមាណជិត ២៨ទ្រីលានរៀល ស្មើជាង ៩៩ភាគរយ បើធៀបច្បាប់ ចំណែកថ្នាក់កណ្ដាលសម្រេចបានជិត ២៩ទ្រីលានរៀល ស្មើជាង ៩៩ភាគរយ ចំណែកថ្នាក់មូលដ្ឋានសម្រេចបានជាង ៦៣៣លានរៀល ស្មើជាង ១៥៧ភាគរយ បើធៀបនឹងច្បាប់។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិភាក្សាលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តថវិកាដែលអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួង ដែលសម្រេចបានក្នុងឆ្នាំ២០២២ ដោយពិនិត្យលើទិដ្ឋភាពហិរញ្ញវត្ថុ, ទិដ្ឋភាពសមិទ្ធកម្ម, អនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ នឹងការអនុវត្តថវិកាកម្មវិធី និងថវិកាសមិទ្ធកម្ម ព្រមទាំងកំណត់បញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារនៅឆ្នាំបន្តបន្ទាប់ ឱ្យសម្រេចបានតាមគោលដៅ ដែលបានដាក់ចេញដូចដែលក្រសួង ដោយបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីការិយបរិច្ឆេទថវិកាឆ្នាំ២០១៥ មក។
សម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុ ឆ្នាំ២០២២នេះ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជានៅបន្តរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកល ការប្រមូលចំណូលរបស់ក្រសួងជារួម (ដោយមិនបូកចំណូលពន្ធដារថ្នាក់ក្រោមជាតិ) សម្រេចបានលទ្ធផលល្អគួរកត់សម្គាល់ ក្នុងទំហំប្រមាណ ២៨.៨ ទ្រីលានរៀល ស្មើនឹង ៩៩.១ភាគរយ ធៀបច្បាប់ (លទ្ធផលប្រចាំឆ្នាំ ២០២១ សម្រេចបានជាង ៩៨ ភាគរយ ធៀបច្បាប់) ក្នុងនោះថ្នាក់កណ្ដាលសម្រេចបាន ២៨.៧៧ ទ្រីលានរៀល ស្មើជាង ៩៩ភាគរយ ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋានសម្រេចបានជាង ៦៣៣លានរៀល ស្មើជាង ១៥៧ភាគរយធៀបច្បាប់។
ចំពោះចំណូលសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការ ក្នុងរង្វង់ជាង ១១១ ភាគរយ ធៀបច្បាប់ ក្នុងនោះគយ និងរដ្ឋាករជិត ១០៥ ភាគរយ, ពន្ធដារថ្នាក់ជាតិជាង ១១៧ភាគរយ និងពន្ធដារថ្នាក់ក្រោមជាតិជាង ១២៤ ភាគរយ។ ដោយឡែកចំណូលប្រមូលបានសរុបរបស់ក្រសួង ទាបជាងផែនការបន្តិច ដោយសារចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ប្រមូលបានទាបជាងច្បាប់កំណត់ ត្រឹមជាង ៨២ ភាគរយ និងជាង ៧១ ភាគរយ ធៀបច្បាប់រៀងគ្នា។ ចំណែកការអនុវត្តចំណាយប្រចាំឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រមាណ ៩៦ ភាគរយនៃឥណទានថ្មី (តួលេខធានាចំណាយ) និងប្រមាណជិត ៨៩ភាគរយ នៃឥណទានថ្មី (តួលេខអាណត្តិទូទាត់)។
សម្រាប់សមិទ្ធកម្មប្រចាំឆ្នាំ២០២២, ជារួមសម្រេចបានពិន្ទុប្រមាណ ៩៤/១០០ ធៀបនឹងគោលដៅសូចនាករ កម្រិតអនុកម្មវិធី ដែលបានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ក្នុងនោះគោលបំណងគោលនយោបាយទី ១ សម្រេចបានក្នុងរង្វង់ ៩៣/១០០ និងគោលបំណងគោលនយោបាយទី២ សម្រេចបានក្នុងរង្វង់ ៩៥/១០០ រីឯសមិទ្ធកម្មគ្រប់អង្គភាពថវិកា សម្រេចបានប្រសើរ ចាប់ពី ៨៥/១០០ ឡើងទៅ។
បើពិនិត្យមើលស្ថានភាពគោលដៅសូចនាករ កម្រិតអនុកម្មវិធី ឃើញថាក្នុងចំណោម គោលដៅសូចនាករសរុបចំនួន ២១១, សម្រេចស្ថាពរ បានចំនួន ១៧១ និងសម្រេចមិនបានពេញលេញ ប៉ុន្តែមានវឌ្ឍនភាពបង្គួរ ចំនួន ៤០៕អត្ថបទ៖ សុន រ៉ាឌី