រត់៖ អត្តពលិកអាល្លឺម៉ង់ និងជាអ្នកចូលចិត្តផ្សងព្រេង Savas Coban បានបំពេញក្តីស្រមៃរបស់ខ្លួនក្នុងការរត់ Ultramarathon ជារៀងរាល់ថ្ងៃសរុប ៨៦ថ្ងៃជាប់គ្នាបញ្ចប់ដោយជោគជ័យនៅទីក្រុង Lima ប្រទេសប៉េរូ។
Savas Coban បានរត់ជាងរៀងរាល់ថ្ងៃជាមធ្យមចម្ងាយ ៦០គីឡូម៉ែត្រជិត ៣ខែ និងសរុបចម្ងាយជារួម ៥១៧០គីឡូម៉ែត្រ ជុំវិញប្រទេសប៉េរូប្រឈមនឹងបម្រែបម្រួលអាកាសធាតុជាច្រើនតំបន់។ Coban បានរត់ឆ្លងកាត់តំបន់សមុទ្រខ្សាច់ ឆ្នេរសមុទ្រ ព្រៃ ភ្នំ និងព្រិលធ្លាក់ជាដើម និងពេលខ្លះឡើងដល់ចំណោតកម្ពស់ដល់ទៅជាង ៥០០០ម៉ែត្រក៏មាន។ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះបានចេញដំណើរផ្សងព្រេងរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាពីទីក្រុង Lima ឆ្ពោះទៅភាគខាងត្បូងនៃប្រទេសប៉េរូរហូតទៅដល់ព្រំប្រទល់ប្រទេសស៊ីលី។
Coban បានរត់ឆ្លងកាត់តំបន់ទេសចរសំខាន់របស់ប្រទេសប៉េរូដូចជា Nazca Lines បឹង Titicaca, Cusco ដែលសុទ្ធតែតំបន់ព្រៃភ្នំអភិរក្ស ក៏ដូចជាធ្វើដំណើរទៅតាមតំបន់ខ្ពង់រាបនៃប្រទេស មុនត្រលប់មកកាន់ទីក្រុង Lima វិញដែលជាទីបញ្ចប់។ Savas Coban បាននិយាយថា ឧបសគ្គនៃការបំពេញក្តីស្រមៃរបស់ខ្លួនគឺមានតែបញ្ហាសុខភាពប៉ុណ្ណោះ ដែលរូបគេតែងតែប្រឈមនឹងព្យាយាមជំនះឱ្យជារៀងរាល់ថ្ងៃ តាមរយៈការរក្សាកម្លាំង រក្សាតុល្យភាពចំណីអាហារជាដើម៕
អត្ថបទ៖នាង សុភាវុធ