ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលបានទទួលនូវទំនុកចិត្តពីរាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យដ៏ធំបំផុតនៅកម្ពុជា ដែលមានចំណុះគែ្ររហូតដល់ជិត ១០.០០០គ្រែ, នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយក និងគណៈគ្រប់គ្រងនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលទើបបានទទួលសេចក្តីទុកចិត្ត និងតែងតាំងដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ -លោកវេជ្ជបណ្ឌិត សួន សាមិត្ត ជានាយកមន្ទីរពេទ្យ និងគណៈគ្រប់គ្រងទាំងអស់។ យើងពិតជាមានមោទនភាព ដែលកម្ពុជា ជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និង ប្រទេសដែលទើបឆ្លងផុតពីសង្គ្រាមអាចសម្រេចគោលដៅសុខភាពបានយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការគ្រប់គ្រង ឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ អាចឱ្យបើកដំណើរការប្រទេសទាំងសកម្មភាព សេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងកំពុងនៅលើផ្លូវឈានទៅសម្រេចបានការគ្របដណ្ដប់ សុខាភិបាលជាសកល ក្រោមគំនិតផ្តួចផ្តើមដ៏ភ្លឺស្វាង ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឡើងមូលនិធិ ជាតិគាំពារសុខភាពសង្គម ដែលគ្របដណ្ដប់ប្រជាជនក្រុមគោលដៅផ្សេងៗ រួមមាន កម្មករក្នុងប្រព័ន្ធ កម្មករក្រៅប្រព័ន្ធ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្នាក់ដឹកនាំភូមិ ក្រុមកីឡាករ ក្រុមអ្នកដោះមីន ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា ជនពិការ កម្មករត្រីចក្រយាន។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជាសាច់ប្រាក់ដោយផ្ទាល់ដល់ស្រ្តីសម្រាលកូនជាកម្មការីនី និងមន្ត្រីរាជការដែលជាការលើកទឹកចិត្ត សម្រាប់បង្កើនកម្រិតអាហារូបត្ថម្ភទាំងម្ដាយ ទាំងទារកទើបនិងកើត ដែលបានទទួលការគាំទ្រ និងសេចក្តីថ្លែងអំណរគុណយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលរាជធានីភ្នំពេញ បានលើកឡើងដែរថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាអំណោយដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងសម័យសន្តិភាព ហើយគ្រប់បណ្តាប្រទេសនៅលើពិភពលោក នៅពេលដែលប្រទេសជាតិរីកចម្រើន គឺបណ្តាប្រទេសទាំងនោះ ងាកទៅរកការងារសង្គមកិច្ច ការងារការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលកិច្ចការងារនេះ ជាបរិបទលើពិភពលោកតែងតែគិតគូរដល់កិច្ចការងារនេះ៕ អត្ថបទ ៖ រដ្ឋា









