
អន្ដរជាតិ៖ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តទាំងនៅក្នុងប្រទេសស៊ីរី និងទួរគី បន្ទាប់ពីការរញ្ជួយដីដ៏មានឥទ្ធិពល ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សជិត ២៤,០០០នាក់ នៅក្នុងប្រទេសទាំងពីរ។
មនុស្សរាប់សែននាក់គ្មានលំនៅឋាននិងខ្វះស្បៀងអាហារក្នុងស្ថានភាពរដូវរងាត្រជាក់ខ្លាំង ខណៈមេដឹកនាំនៃប្រទេសទាំងពីរប្រឈមមុខនឹងសំណួរអំពីការឆ្លើយតបចំពោះគ្រោះមហន្តរាយនេះ។
ការរញ្ជួយដីដែលបានវាយប្រហារ កាលពីព្រឹកព្រលឹមថ្ងៃចន្ទសប្តាហ៍នេះ ត្រូវបានចាត់ថ្នាក់ថ្នាក់ជាគ្រោះមហន្តរាយធម្មជាតិសម្លាប់មនុស្សច្រើនបំផុតលើកទីប្រាំពីរក្នុងសតវត្សរ៍នេះ បន្ទាប់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ នៅប្រទេសជប៉ុន។
