អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក ៣រូបបានបញ្ជាក់ប្រាប់សារព័ត៌មាន ABC News ថា វត្ថដែលកំពុងហោះក្នុងរយៈកម្ពស់ដ៏ខ្ពស់មួយផ្សេងទៀត ត្រូវបានបាញ់ទម្លាក់កាលពីរសៀលថ្ងៃអាទិត្យនៅលើបឹង Lake Huron ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ដែលក្លាយជាឧបទ្ទវហេតុចុងក្រោយបំផុតនៃការបាញ់ទម្លាក់វត្ថុបែបនេះ។
យោងតាមប្រភពពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះ វត្ថុមួយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះយោធាអាមេរិក។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា លោកប្រធានាធិបតី Joe Biden បានណែនាំថា វត្ថុនោះត្រូវបាញ់ដោយមានការប្រុងប្រយ័ត្ន និងតាមការណែនាំរបស់មេដឹកនាំយោធា។ មន្ត្រីដដែលបាននិយាយថា វត្ថុដែលត្រូវបានបាញ់ទម្លាក់នេះត្រូវបានប្រទះឃើញនៅលើប្រព័ន្ធរ៉ាដាលើរដ្ឋ Montana កាលពីថ្ងៃសៅរ៍ និងត្រូវបានឃើញជាថ្មីលើរ៉ាដានៅលើរដ្ឋ Wisconsin និង Michigan កាលពីថ្ងៃអាទិត្យ។ មន្ត្រីខាងលើនិយាយថា វត្ថុនោះមានរាងអដ្ឋកោណ ឬ ៨ជ្រុងដែលហោះហើរគ្មានមនុស្សបើកបរ បានធ្វើដំណើរកម្ពស់ប្រហែល ២០.០០០ហ្វីត។
ពុំមានការបញ្ជាក់ពីសមត្ថភាពឈ្លបយកការណ៍ទេ ប៉ុន្តែរដ្ឋបាននេះក៏ពុំបានច្រានចោលដែរ។ យន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយ ដែលបានហោះនៅលើប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ ទី១១ កុម្ភៈ ជាការបាញ់ទម្លាក់លើកទី២ ក្នុងពេលជាច្រើនថ្ងៃមកនេះ ខណៈប្រទេសនៅអាមេរិកខាងជើងមួយនេះទំនងជាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយការបាញ់ទម្លាក់បាឡុងរបស់ចិនដែលនាំឲ្យពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំង៕
អត្ថបទ៖ សុខមាន