អេស្ប៉ាញ៖ អ្នកគាំទ្រសុខភាពសាធារណៈរាប់ម៉ឺននាក់បានចេញតវ៉ានៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ជុំវិញអ្វីដែលពួកគេនិយាយថា ជាការបំផ្លាញប្រព័ន្ធសុខភាពសាធារណៈដោយរដ្ឋាភិបាលតំបន់អភិរក្សនិយម។
រដ្ឋាភិបាលទីក្រុង Madrid គឺជាគោលដៅនៃការរិះគន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមនៅឆ្នាំ២០២០ ជុំវិញកង្វះបុគ្គលិកនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពបឋម។ ក្រុមអ្នកតវ៉ានិយាយថា រដ្ឋាភិបាលកំពុងរុះរើសេវាសុខភាពសាធារណៈ និងគាំទ្រដល់អ្នកផ្តល់សេវាសុខភាពឯកជន។ លោកស្រី Lilian Ramis អាយុ ៦១ឆ្នាំជាឆ្មបនៅមណ្ឌលសុខភាពក្នុងទីក្រុង Madrid និយាយថា ពួកគេបានកាត់ប្រាក់ឈ្នួលរបស់យើង ជំនួសឱ្យការតម្លើងប្រាក់ឈ្នួល។ យើងបានជំនះរាល់ការងារ ហើយពុំមានការគាំទ្រណាមួយឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលប្រចាំតំបន់បានដាក់ចំនួន អ្នកដែលដើរចេញតវ៉ានៅតាមដងផ្លូវកណ្តាលទីក្រុង Madrid មានចំនួន ២៥០,០០០នាក់ ខណៈអ្នករៀបចំបានកំណត់ថាមានចំនួនជិត ១លាននាក់។ ប្រមុខរដ្ឋាភិបាលទីក្រុង Madrid លោកស្រី Isabel Diaz Ayuso បានច្រានចោលការចោទប្រកាន់ថា រដ្ឋបាលរបស់លោកស្រីកំពុងរុះរើសេវាសុខភាពសាធារណៈ ដើម្បីគាំទ្រវិស័យឯកជន។ លោកស្រីបានសរសេរលើបណ្តាញ Twitters ថា យើងទាំងអស់គ្នាជឿជាក់លើសុខភាពសាធារណៈ។ បុគ្គលិកសុខាភិបាលរាប់ពាន់នាក់ក៏បានធ្វើបាតុកម្មនៅទីក្រុង Santiago de Compostela ភាគពាយ័ព្យប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានការរក្សាប្រព័ន្ធសុខភាពសាធារណៈ៕
អត្ថបទ៖ ប៊ុនថន