បាល់ទាត់៖ ក្លិប Southampton បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Nathan Jones ហើយក្រោយដឹកនាំក្រុមបានត្រឹម ៣ខែ។
អតីតអ្នកចាត់ការ Luton Town វ័យ ៤៩ឆ្នាំរូបនេះត្រូវបានដកតំណែង បន្ទាប់ពី Southampton ចាញ់ក្រុមដែលមានគ្នាតែ ១០នាក់ Wolverhampton ១-២ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍ និងបានធ្លាក់ដល់បាតតារាងនៃក្របខណ្ឌ English Premier League ក្រោយលេងបាន ២២ប្រកួត។ បន្ទាប់ពីតែងតាំងនៅថ្ងៃទី១០ ខែវិច្ឆិកា អ្នកចាត់ការសញ្ជាតិវែលរូបនេះបានដឹកនាំ Southampton ចាញ់ ៩ ក្នុងចំណោម ១៤ប្រកួតក្នុងតំណែងនៅក្របខណ្ឌ ដែលក្នុងនោះរួមមានចាញ់នៅ Premier League ៨ ក្នុងចំណោម ៩ប្រកួត។ ការប្រកួតកាលពីថ្ងៃសៅរ៍ Southampton បាននាំមុខ Wolves ១-០ មុន មុនពេលដែលក្រុមភ្ញៀវ Wolves សល់គ្នាតែ ១០នាក់តែអាចវាយបករហូតយកឈ្នះវិញ។
លោក Nathan Jones បានបន្តតំណែងពីលោក Ralph Hassenhuttl ជាមួយនឹងកិច្ចសន្យា ៣ឆ្នាំកន្លះ។ មកដល់ភ្លាម Southampton ចាញ់ ៤ប្រកួតក្នុងចំណោម ៥ប្រកួតដំបូង ឈ្នះតែមួយប្រកួតប៉ុណ្ណោះគឺឈ្នះ Lincoln នៅក្របខណ្ឌទីបី ២-១ នៅក្របខណ្ឌ EFL Cup មុនពេលដែល Southampton បែជាឈ្នះ ៣ប្រកួតក្នុងរយៈពេល ១សប្តាហ៍ដែលរួមមានឈ្នះ Crystal Palace នៅ FA Cup, ឈ្នះ Manchester City នៅ EFL Cup និងឈ្នះ Everton នៅ Premier League៕
អត្ថបទ៖នាង សុភាវុធ