ទួរគី៖ ក្រុមអ្នកសង្គ្រោះបានជួយក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ចេញពីក្រោមអគារបាក់រលំមួយសប្ដាហ៍ ក្រោយការរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសទួរគីដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ខណៈឱកាសសម្រាប់ការស្វែងរកអ្នកនៅមានជីវិតផ្សេងទៀតកាន់តែតិចទៅ។

យុវជនម្នាក់ដែលបានជាប់ក្រោមគំនរថ្មបេតុង ១៨២ម៉ោងនៅក្នុងខេត្ត Hatay ប្រទេសទួរគីបានមកដល់ដៃក្រុមអ្នកសង្គ្រោះកាលពីថ្ងៃចន្ទ ខណៈរូបគេត្រូវបានដាក់លើប្រង់កា រុំក្បាល និងខ្លួនដើម្បីកំដៅខ្លួនពីអាកាសធាតុត្រជាក់មុនពេលលើកចូលរថយន្តសង្គ្រោះ។ ខណៈក្ដីសង្ឃឹមនៃការស្វែងរកអ្នកនៅមានជីវិតនៅក្នុងគំនរកម្ទេចថ្មកាន់តែតិចទៅ ចំនួនអ្នកស្លាប់ទាំងនៅក្នុងប្រទេសទួរគី និងប្រទេសជិតខាងស៊ីរីបានកើនឡើងដល់ជាង ៣៧.០០០នាក់ដោយសារការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ហើយចំនួននេះនឹងកើនឡើងថែមទៀត។

នៅក្នុងទីក្រុងមួយ ក្រុមអ្នកសង្គ្រោះបានជីករូងក្រោមដីទៅកាន់លោកយាយម្នាក់ ម្ដាយម្នាក់ និងកូនស្រីម្នាក់របស់គ្រួសារមួយដែលទំនងជានៅមានជីវិតពីការរញ្ជួយដីកាលពីថ្ងៃទី៦កុម្ភៈ និងរលករញ្ជួយកាលពីថ្ងៃ ៧.៦រ៉ិចទ័រ។ ស្ត្រីម្នាក់ក៏ត្រូវបានជួយសង្គ្រោះផងដែរ ក្រោយជាប់ក្នុងកម្ទេចថ្ម ១៤៤ម៉ោងនៅក្នុងប្រទេសទួរគី។ នៅក្នុងប្រទេសទួរគី មនុស្សជាង ១លាននាក់បានបាត់បង់ផ្ទះសម្បែង កំពុងរស់នៅតាមចិញ្ចើមផ្លូវក្នុងអាកាសធាតុត្រជាក់ខ្លាំង និងកំពុងរង់ចាំទទួលសាកសពមនុស្សជាទីស្រឡាញ់របស់ខ្លួន៕
អត្ថបទ៖ សុខមាន