សៀមរាប៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្ដម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ បានទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់ ដែលអមដំណើរដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណឯកឧត្តមប្រធានាធបតី និងលោកជំទាវដែលបានចំណាយពេលមកទស្សនកិច្ចចម្ការមីន ប្រកបដោយអត្ថន័យយ៉ាងធំធេង ដែល ឆ្នាំ២០២៣នេះ ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ឯកឧត្ដមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌តាមរយៈគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែល បោសសម្អាត ដោយអង្គការ Halo Trust ។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាជាង១៧លាន អឺរ៉ូ បានយកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣គីឡូម៉ែត្រក្រឡា ស្មើនឹង៥៧៨ចម្ការមីន និងមានទទួលផលជាង១៣ម៉ឺននាក់។
ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល់អង្គភាពស៊ីម៉ាក់ចាប់តាំងពីឆ្នាំ១៩៩៩ ថវិកាជាង១៩លានដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីមានមីនប្រមាណជា៣០គីឡូម៉ែត្រក្រឡា។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើសុំអោយប្រទេសអាល្លឺម៉ង់ បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។
ប្រធានាធិបតី អាល្លឺម៉ងបានមានប្រសាសន៍ថា នឹង បន្តគាំទ្រការងារបោសសម្អាតមីនស្របតាមទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាគ្មានមីនឆ្នាំ២០២៥៕
















