បាល់ទាត់៖ ក្រុមហ៊ុនវិនិយោគរបស់កាតានឹងដាក់សំណើទិញក្លិបបិសាចក្រហម Manchester United ក្នុងសប្តាហ៍នេះហើយ នេះបើតាមការចុះផ្សាយររបស់សារព័ត៌មាន Bloomberg។
សារព័ត៌មានដដែលបានចុះផ្សាយថា មិនត្រឹមតែក្រុមហ៊ុនវិនិយោគរបស់កាតាទេ បេក្ខភាពផ្សេងទៀតដែលមានបំណងទិញភាគហ៊ុនក្លិបបិសាចក្រហម Manchester United ត្រូវដាក់សំណើរបស់ខ្លួនមិនលើសពីថ្ងៃទី១៧ ខែកុម្ភៈនេះ ស្របពេលដែលម្ចាស់ភាគហ៊ុនគ្រួសារត្រកូល Glazers ទំនងជាព្រមលក់មិនក្រោម ៦ពាន់លានផោន។ ម្ចាស់ក្រុមហ៊ុន INEOS លោក Jim Ratcliffe បានប្រកាសពីគោលជំហររបស់ខ្លួន ក្នុងការទិញយកភាគហ៊ុននេះដែរកាលពីខែមុន បន្ទាប់ពីគ្រួសារ Glazers ប្រកាសលក់កាលពីខែវិច្ឆិកា។ កាលពីដើមខែនេះ កាសែត Daily Mail បានរាយការណ៍ថា វិនិយោគិនកាតាគ្រោងនឹងធ្វើការដេញថ្លៃដ៏ធំមួយ ដើម្បីទិញក្លឹប Manchester United ក្នុងក្របខ័ណ្ឌ Premier League។
របាយការណ៍របស់ Daily Mail បាននិយាយថា អ្នកវិនិយោគដែលចាប់អារម្មណ៍គឺដាច់ដោយឡែកពី QSI ដែលជាម្ចាស់ក្លិបបារាំង Paris St Germain ហើយប្រាក់នឹងបានមកពី "មូលនិធិបុគ្គល" ជាជាងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ។ Manchester United ដែលកំពុងដឹកនាំដោយ Erik ten Hag កំពុងឈរនៅលេខរៀងទី៣ នៅ Premier League មាន ៤៦ពិន្ទុពីការប្រកួត ២៣ប្រកួត ២ពិន្ទុតាមពីក្រោយ Manchester City និង ៥ពិន្ទុពីក្រុមកំពូលតារាង Arsenal៕
អត្ថបទ៖នាង សុភាវុធ