ស្នូកឃ័រ៖ កីឡាករស្នូកឃ័រលំដាប់លេខ ១ ពិភពលោក Ronnie O’Sullivan ហាក់មិនមានការលំបាកឡើយក្នុងការចាប់ផ្តើមព្រឹត្តិការណ៍ស្នូកឃ័រពានរង្វាន់ Welsh Open បន្ទាប់ពីយកឈ្នះកីឡាករមិត្តរួមជាតិអង់គ្លេស Oliver Lines នៅជុំដំបូង។

ជើងឯក Welsh Open ៤សម័យរូបនេះបានយកឈ្នះដោយលទ្ធផល ៤-០ហ្វ្រេមលើ Oliver Lines។ ជាមួយគ្នានោះដែរ អ្នកការពារតំណែងជើងឯក Joe Perry ក៏មិនមានបញ្ហាដែរនៅជុំដំបូងដោយបានយកឈ្នះ Mark King ៤-០ហ្វ្រេមដូចគ្នា។ លទ្ធផលផ្សេងទៀតមានដូចជា កីឡាករអង់គ្លេស Judd Trump, កីឡាករអៀកឡង់ខាងជើង Mark Allen និងកីឡាករស្កុតឡេន John Higgins សុទ្ធតែគ្មានបញ្ហា។ ចំណែកឯកីឡាករក្តីសង្ឃឹមម្ចាស់ផ្ទះជើងចាស់ Mark Williams បានយកឈ្នះមិត្តរួមជាតិ Michael White ៤-២ហ្វ្រេមផងដែរ ស្របពេលដែលអតីតជើងឯកពិភពលោក Mark Selby វាយបកយកឈ្នះ Jamie O’Neil ៤-២ហ្វ្រេមដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ