អ៊ុយក្រែន៖ រយៈពេលជិតមួយឆ្នាំនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មនុស្សរាប់ពាន់នាក់បានស្លាប់ និងជិត ១៧.៦លាននាក់បានភៀសខ្លួនទាំងនៅក្នុង និងក្រៅប្រទេស ដោយសារស្ថានភាពធ្ងន់ធ្ងរដែលត្រូវការជំនួយមនុស្សធម៌ចាំបាច់។

ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែននៅតែកំពុងបន្តជាប់ដៃប្រយុទ្ធជាមួយរុស្ស៊ី ទីក្រុង Kyiv ក៏នៅតែកំពុងប្រឈមនឹងសត្រូវដ៏ធំមួយផ្សេងទៀតផងដងដែរ នោះគឺអំពើពុករលួយដែលកំពុងស៊ីរូងយ៉ាងជ្រៅនៅក្នុងប្រទេសនេះ។ អំឡុងប៉ុន្មានសប្ដាហ៍កន្លងទៅក្រុមអាជ្ញាធរអ៊ុយក្រែន បានឆ្មក់ចូលផ្ទះរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតដោយចោទពីបទទទួលសំណូក។ លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិប្រទេសនេះក៏ត្រូវបានគ្រោងដាក់អ្នកថ្មីជំនួសដែរ ក្រោយក្រុមអ្នកសារព័ត៌មាន និងសកម្មជនបានរកឃើញថា ក្រសួងការពារជាតិបានទិញចំណីអាហារឲ្យកងទ័ពក្នុងតម្លៃខ្ពស់បំផុត។
ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធយោធាណាតូបានសន្យាបន្តជួយដល់អ៊ុយក្រែន ក្រុមអ្នកនយោបាយ និងមន្ត្រីយោធាមួយចំនួននៅក្នុងបណ្ដាប្រទេសលោកខាងលិច បានចង្អុលទៅកាន់អំពើពុករលួយនៅក្នុងប្រទេសនេះ និងបានចោទសួរថា តើអ៊ុយក្រែនមានលក្ខណល្អសមស្របក្នុងការទទួលបានជំនួយដែរ ឬអត់?។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ជាបុគ្គលដែលបានដឹងច្បាស់ទាំងការរិះគន់ពីលោកខាងលិច ទាំងសារៈសំខាន់នៃការរក្សាលំហូរជំនួយ បានដោះស្រាយអំពើពុករលួយអំឡុងសុន្ទរកថាកាលពីខែមករា។ លោកថា ខ្ញុំចង់ជម្រះរឿងនេះឲ្យបានច្បាស់ គឺអ៊ុយក្រែននឹងលែងឲ្យអតីតកាលវិលត្រឡប់មកវិញទៀតហើយ៕
អត្ថបទ៖ សុខមាន