ស្នូកឃ័រ៖ កីឡាករស្នូកឃ័រលំដាប់លេខ៤ ពិភពលោក Neil Robertson បានធ្លាក់ចេញពីព្រឹត្តិការណ៍ Welsh Open គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃកីឡាករម្ចាស់ផ្ទះវែល Dominic Dale ៤-០ហ្វ្រេម។

បរាជ័យរបស់កីឡាករអូស្ត្រាលីក្រោមស្នាដៃកីឡាករលំដាប់លេខ៥៦ ពិភពលោក Dominic Dale ក៏បានន័យថា Neil Robertson នឹងត្រូវខកខានមិនអាចចូលរួមការប្រកួត Players Championship នៅសប្តាហ៍ក្រោយក្នុងនាមជាអ្នកការពារជើងឯកផងដែរ។ មិនត្រឹមតែ Neil Robertson កីឡាករម្ចាស់ផ្ទះមួយរូបទៀត Mark Williams ជើងឯកពិភព លោក ៣សម័យបានរងបរាជ័យក្រោមស្នាដៃកីឡាករមិត្តរួមជាតិ Jak Jones ៤-៣ហ្វ្រេម។ លទ្ធផលផ្សេងទៀត Ronnie O’Sullivan យកឈ្នះកីឡាករស្កុតឡែន Ross Muir ៤-៣ហ្វ្រេម ស្របពេលដែលអ្នកការពារតំណែងជើងឯក Joe Perry យកឈ្នះ Mark Joyce ៤-១ហ្វ្រេម និង Shaun Murphy យកឈ្នះកីឡាករចិន Peng Yisong៕
អត្ថបទ៖នាង សុភាវុធ