ភ្នំពេញ៖ នៅពេលបច្ចុប្បន្នមានថ្នាក់ដឹកនាំ មន្ត្រីរាជការទូទៅ និងពលរដ្ឋនៅតាមមជ្ឈដ្ឋាននានាទៀត បាននាំគ្នាភ្ជាប់ប្រព័ន្ធ Telegram ,Facebook , instagram និង Twitter ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អ តាមដានសកម្មភាពដឹកនាំប្រទេសរបស់សម្តេចតេជោ និងការទទួលបានដំណឹង និងព័ត៌មាននានារបស់សម្តេចតេជោ ដែលមានភាពពិតប្រាកដ និងលឿនរហ័សបំផុត។
ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកុម្ភៈនេះថា នៅពេលបច្ចុប្បន្នពុំមានមេដឹកនាំប្រទេសច្រើននោះទេ ដែលបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំប្រទេសជាមួយនឹងបណ្តាពលរដ្ឋទូទៅនៅក្នុងសង្គម ដោយមានភាពជិតស្និត ដូចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នៅពេលនេះ សម្តេចតេជោ បានពង្រីកការប្រើប្រាស់ប្រព័ន្ធតេលេក្រាមមួយបន្ថែមទៀត ដែលនឹងផ្តល់ព័ត៌មានរហ័សនានាទៅដល់ប្រជាពលរដ្ឋផ្ទាល់តែម្តង។
ពាក់ព័ន្ធនឹងការទទួលព័ត៌មានពិតនិងលឿន ឬអាចទទួលបានព័ត៌មានពីថ្នាក់ដឹកនាំប្រទេសដោយផ្ទាល់នេះ ពលរដ្ឋក៏បានថ្លែងដែរថា នៅពេលនេះ ពួកគេបានភ្ជាប់ Telegramរបស់សម្តេចរួចហើយ ហើយក្រៅពីនោះពួកគេក៏បានភ្ជាប់ Facebookផ្លូវការរបស់សម្តេចតេជោថែមទៀត ហើយតាមរយៈការភ្ជាប់នោះ ធ្វើឲ្យពួកគេបានដឹងព័ត៌មានពិតជាច្រើនមានលឿនរហ័ស ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតchannel តេលេក្រាមផ្លូវការ ឈ្មោះថា Prime Minister Hun Sen ដើម្បីការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយពលរដ្ឋ ផ្តល់ព័ត៌មានលឿនដល់ពលរដ្ឋ ដោយពលរដ្ឋគ្រប់រូបអាចភ្ជាប់បានដោយគ្រាន់តែ Scan QR code ដោយមិនបាច់រកលេខទូរសព្ទសម្តេច ដើម្បីភ្ជាប់នោះទេ ឬចូលទៅដំណLink នៃតេឡេក្រាមបាន ខណៈគិតមកត្រឹមម៉ោង១១និង៣៤នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានអ្នកចូលក្នុងChannel telegram សម្តេចតេជោចំនួនជាង ១៩ម៉ឺន៥ពាន់នាក់ហើយ។
សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ ក៏បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាផេកផ្លូវការឈ្មោះ Samdach Hun Sen Cambodian Prime Minister ដើម្បីបង្ហោះព័ត៌មានសំខាន់ៗ និងទំនាក់ទំនងយ៉ាងជិតស្និតជាមួយពលរដ្ឋ និងឆ្លើយនឹងកង្វល់ ឬដោះស្រាយបញ្ហា កង្វល់ ពលរដ្ឋដោយផ្ទាល់ ទទួលបានការគាំទ្រ និងពេញចិត្តពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបផងដែរ៕អត្ថបទ ស៊ុមសុខជា