
ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា កម្ពុជាបានកាត់បន្ថយក្តីបារម្មណ៍មួយកម្រិតហើយ ចំពោះករណីជួញដូរមនុស្សក្រោយមានការបង្ក្រាបឧក្រិដ្ឋជនជនជាតិចិន និងបញ្ជូនចេញពីកម្ពុជាជាបន្តបន្ទាប់ កាលពីប៉ុន្មានខែចុងក្រោយនាឆ្នាំ២០២២។
លោក បញ្ជាក់ថា ចិនប្តេជ្ញាបន្តសហការជាមួយកម្ពុជា ដើម្បីឆ្លើយតបគោលដៅសហគមន៍តែមួយវាសនាតែមួយ ដោយបង្ក្រាបឲ្យបានចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសល្បែងតាមប្រព័ន្ធអនឡាញនៅកម្ពុជា។
ការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិនកាលពីថ្មីៗនេះ។

