ភ្នំពេញ ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៥ ខែកុម្ភៈនេះ ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាថ្ងៃទី១៥ ខែកុម្ភៈនេះ បានចុះហត្ថលេខាលើឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។
ក្នុងជំនួបនេះសមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរក្សាបាននូវការប្រាស្រ័យទាក់ទងជាប់ជាប្រចាំដូចជា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ជាញឹកញាប់ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រភេទទ័ពជើងគោកនៃប្រទេសទាំងពីរ។
ក្នុងឱកាសនៃជំនួបនេះសមភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។
សមិទ្ធផលថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងកម្រិតកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងជាការបោះជំហានប្រកបដោយសក្តានុពលដើម្បីជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានលក្ខណៈសកម្មរស់រវើក ក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយទាហានគ្រប់កម្រិត, ការហ្វឹកហ្វឺន និងលំហាត់រួម, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព, ការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជំនួយសម្ភារ:-បរិក្ខារយោធា និងបច្ចេកវិទ្យា ជាដើម។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការរួមចំណែករបស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុននៅក្នុងដំណាក់កាលដែលកម្ពុជាបានជួបប្រទះនូវការលំបាក រួមមានទាំងការចូលរួមក្នុងដំណើរការចរចាស្វែងរកសន្តិភាព ក៏ដូចជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ៕ អត្ថបទ ៖ ដារា








