បាល់ទាត់៖ ទីបំផុតក្រុមការពារតំណែងជើងឯក Manchester City បានត្រលប់ឡើងមកឈរកំពូលតារាងនៅ English Premier League លើកដំបូងតាំងពីខែវិច្ឆិកា ក្រោយយកឈ្នះនៅទឹកដីកាំភ្លើងធំ Arsenal ៣-១។ បន្ទាប់ពីការនាំមុខមុនដោយ Manchester City នៅវគ្គទី១ ដោយ Kevin de Bruyne នាទីទី២៤ Arsenal ក៏តាមស្មើវិញនៅចុងវគ្គទី១ ដោយបាល់ ១១ ម៉ែត្ររបស់ Bukayo Saka ធ្វើឱ្យការប្រកួតកាន់តែល្អមើល។

បន្ទាប់ពីវគ្គទី១ ដែលគ្រប់គ្រងបាល់ច្រើនដោយ Arsenal ឈានដល់វគ្គទី២ Manchester City បានកែប្រែប្រព័ន្ធលេង និងមានឱកាសរកគ្រាប់បាល់នាំមុខម្តងទៀតក្រោយកំហុងរបស់ Gabriel ធ្វើឱ្យ Bernardo Silva និង Haaland បង្កើតឱកាសឱ្យ Jack Grealish ស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី៧២ មុនពេលដែល Erling Haaland បញ្ចប់ក្តីសង្ឃឹមរបស់ Arsenal នៅនាទីទី៨២។

ជ័យជំនះនេះធ្វើឱ្យ Manchester City ឡើងឈរកំពូលតារាងនៅ English Premier League ជាលើកដំបូងតាំងពីខែវិច្ឆិកាដោយគ្រាប់បាល់ចំណេញច្រើនជាងជាមួយនឹង ៥១ពិន្ទុស្មើជាមួយ Arsenal តែក្រុមរបស់ Mikel Arteta នៅសល់មួយប្រកួតក្នុងដៃ។ Arsenal នឹងត្រូវទៅទឹកដី Aston Villa ថ្ងៃសៅរ៍នេះ ខណៈ Manchester City ទៅទឹកដី Nottingham Forest៕
អត្ថបទ៖នាង សុភាវុធ